ព័ត៌មានទាន់ហេតុការណ៍៖

ហង្សក្រហម Liverpool នៅតែបង្ហាញភាពខ្លាំង ខណៈមេឃខៀវ Man City ធ្វើបានល្អក្រៅទឹកដី

ចែករំលែក៖

ក្រុមភ្ញៀវហង្សក្រហម Liverpool បានបង្ហាញភាពខ្លាំងរបស់ខ្លួនដោយនៅតែរក្សាការមិនដែលចាញ់ក្នុង៣ប្រកួតកន្លងមកនៅក្របខ័ណ្ឌ Champions League កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ដោយបានយកឈ្នះក្រុមខ្លាំងមកពីអេស្ប៉ាញ Atletico Madrid ក្នុងលទ្ធផល៣ទល់២។

ការចាប់ផ្តើមប្រកួតក្នុងតង់ទី១ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមហង្សក្រហម Mohamed Salah រកបាន១គ្រាប់នាំមុខនៅនាទីទី៨ ហើយនៅនាទីទី១៣ កីឡាករ Keïta រកបាន១គ្រាប់បន្ថែមទៀត។ ចំណែកក្រុមម្ចាស់ផ្ទះ Atletico Madrid បានរកគ្រាប់បាល់២គ្រាប់សងវិញដោយខ្សែប្រយុទ្ធ Griezmann ម្នាក់ឯងគឺនៅនាទីទី២០ និងនាទីទី៣៤ ដែលលទ្ធផលស្មើគ្នា២ទល់២នេះបានបន្តរហូតចប់តង់ទី១។

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមភ្ញៀវ Liverpool បានព្យាយាមសម្រុក និងស្វែងរកគ្រាប់បាល់បន្ថែមទៀត។ នៅនាទីទី៥២ ខ្សែប្រយុទ្ធបារាំង Griezmann បានលើកជើងទៅប៉ះនឹងមុខកីឡាកររបស់ក្រុមហង្សក្រហម ធ្វើឲ្យអាជ្ញាកណ្តាលបានសម្រេចផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួត ហើយនៅនាទីទី៧៨ អាជ្ញាកណ្តាលក៏បានផ្ដល់បាល់ពិន័យ១១ម៉ែត្រទៅឲ្យក្រុម​Liverpool។ នៅទីបំផុតខ្សែប្រយុទ្ធ Mohamed Salah ធ្វើបានសម្រេចដោយស៊ុតបាល់ប៉េណាល់ទីចូល ធ្វើឲ្យក្រុមហង្សក្រហមនាំមុខ៣ទល់២រហូតដល់ចប់ការប្រកួត។

ជ័យជម្នះនេះធ្វើឲ្យហង្សក្រហម Liverpool បន្តឈរលេខ១ក្នុងពូល Bមាន៩ពិន្ទុពេញក្នុង៣ប្រកួតវគ្គជម្រុះ Champions League។ ចំណែកក្រុម Atletico Madrid ក្រោយពីបរាជ័យនេះ បានបន្តឈរលេខ២​ក្នុងពូល មាន៤ពិន្ទុ ស្មើពិន្ទុជាមួយក្រុម Porto មាន៤ពិន្ទុដូចគ្នាក្រោយពីឈ្នះ AC Milan ១ទល់០។

ជាមួយគ្នានេះក្រុមខ្លាំងមកពីអង់គ្លេសមួយទៀតគឺមេឃខៀវ Manchester City បានបំបាក់ក្រុមម្ចាស់ផ្ទះ Club Brugge ក្នុងលទ្ធផល៥ទល់១។ ៥គ្រាប់របស់ក្រុមភ្ញៀវ Man City រកបាននៅតង់ទី១ ពីរគ្រាប់ និងតង់ទី២ បីគ្រាប់ ដែលគ្រាប់បាល់បើកឆាករកបានដោយកីឡាករ João Canceloនៅនាទីទី៣០ គ្រាប់បាល់ទី២រកបានដោយកីឡាករ Mahrez ដោយការស៊ុតបាល់ប៉េណាល់ទី១១ម៉ែត្រ។

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមភ្ញៀវនៅតែធ្វើបានល្អដោយបន្តរកគ្រាប់បាល់ ដោយនៅនាទីទី៥៣ និងនាទីទី៦៧ ដោយកីឡាករ Walker និងកីឡាករ Palmer រកបានម្នាក់១គ្រាប់ មុនពេលកីឡាករ Vanaken របស់ក្រុម Club Brugge រកបាន១គ្រាប់ដែរនៅនាទីទី៨១ ហើយនៅនាទីទី៨៤ ជិតចប់ការប្រកួតទៅហើយ Mahrez រកបានគ្រាប់ទី៥ ធ្វើឲ្យចប់ការប្រកួត Man City យកឈ្នះ Club Brugge ៥ទល់១។

លទ្ធផលនេះធ្វើឲ្យក្រុម Man City ទទួលបាន៦ពិន្ទុ ពីការប្រកួត៣ប្រកួតកន្លងទៅក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ ដោយឈ្នះ២ប្រកួត និងចាញ់១ប្រកួត ខណៈដែលក្រុមឈរលេខ១ក្នុងពូល A គឺ PSG មាន៧ពិន្ទុ ក្រោយពីយកឈ្នះក្រុមភ្ញៀវ RB Leipzig៣ទល់២កាលពីយប់មិញដែរ ដែល៣ប្រកួតកន្លងទៅ ក្រុមនេះឈ្នះ២ និងស្មើ១ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖