ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះថា៖ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនបុរសម្នាក់ក្នុងករណីគ្រឿងញៀន កាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២៣និង៣០នាទី នៅចំណុចមុខការ៉ាស់សាំងតេលា ស្ថិតក្នុង ភូមិ០៣ សង្កាត់លេខ០៣ ក្រុង-ខេត្តព្រះសីហនុ ។
បេីយោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខេត្ត បានបញ្ជាក់ថា ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនខេត្ត បានចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យមានឈ្មោះ ខែត ថុង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន សង្កាត់០១ ក្រុង-ខេត្ដព្រះសីហនុ។
មន្រ្តីដដែលបន្តថា ក្រោយឃាត់ខ្លនជនសង្ស័យកម្លាំងជំនាញ បានចាប់យកវត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមព៌ណសថ្លា សង្ស័យសារធាតុញៀន ០២កញ្ចប់ធំ មានទម្ងន់ ១៩៨ក្រាម និងទូរសព្ទ័ដៃចំនួន ០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវបាននគរបាលជំនាញ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖សហការី