ព័ត៌មានទាន់ហេតុការណ៍៖

អណ្តើកហ្លួងឬអណ្តើកសរសៃ គឺជាប្រភេទឧរង្គសត្វ ដែលត្រូវបានចាត់ទុកជានិមិត្តរូបតំណាងឱ្យសត្វប្រចាំប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ អណ្តើកហ្លួងឬអណ្តើកសរសៃ គឺជាប្រភេទឧរង្គសត្វ ដែលត្រូវបានចាត់ទុកជានិមិត្តរូបតំណាងឱ្យសត្វប្រចាំប្រទេសកម្ពុជា តាមរយៈនៃការទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/ ១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ ការដាក់បញ្ចូលអណ្តើកហ្លួងជាសត្វនិមិត្តរូបតំណាងឱ្យជាតិកម្ពុជាដោយសារតែអណ្តើកហ្លួង ជាប្រភេទសត្វដ៏កម្រ និងជាសត្វប្រឈមនឹងផុតពូជ និងដើម្បីបង្ហាញពីមរតកធម្មជាតិដ៏មាន តម្លៃ និងលើកតម្កើងនូវមោទកភាពជាតិផងដែរ។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក នេត ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។ 

លោកបន្តថា, បច្ចុប្បន្នកូនអណ្តើកហ្លួងចំនួនជាង ៤៥០ក្បាលបានស្ថិតក្នុងចិញ្ចឹមក្នុងមជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វល្មូនក្នុងស្រុកស្រែអំបិល ខណៈពូជអណ្តើកប្រភេទនេះស្ថិតក្នុងវ័យជំទង់ចំនួន៨៦ក្បាលទៀតត្រូវបានព្រលែងឱ្យទៅរស់នៅតាមបែបធម្មជាតិ។ អណ្តើកពេញវ័យជាច្រើនទៀតនឹងត្រូវព្រលែងចូលក្នុងតំបន់ធឦ្មជតិ។ អណ្តើកហ្លួងជាប្រភេទសត្វល្មូនដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិហៅកាត់(IUCN)ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងចំណោមអណ្តើកទាំង២៥ប្រភេទដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើភពលោក។ អណ្តើកហ្លួងត្រូវបានគេជឿថាបាត់ពូជ តែនៅអំឡុងឆ្នាំ២០០០ មន្ត្រីជំនាញនិងអង្គការ WCS បានរកឃើញវត្តមានឡើងវិញ។ 

លោករដ្ឋលេខាធិការបញ្ជាក់ថា, អណ្ដើកប្រភេទកម្រនេះ ត្រូវបានរងការគម្រាមគំហែងដោយការកាប់បំផ្លាញព្រៃលិចទឹក ការនេសាទខុសច្បាប់ដូចជា ការប្រើប្រាស់ឧបករណ៍ឆក់ត្រី,ការដាក់សន្ទូច,ឧបករណ៍ហាមឃាត់នានាការនេសាទក្នុងតំបន់ហាមឃាត់ជាដើមជាពិសេសការបូមខ្សាច់បានបំផ្លាញទីតាំងសម្រាប់អណ្ដើកហ្លួងពងកូនដែលធ្វើឱ្យចំនួនអណ្ដើកហ្លួងកាន់តែថយចុះយ៉ាងខ្លាំងដែលអាចឈានដល់ផុតពូជនាពេលខាងមុខបើមិនមានការការពារត្រឹមត្រូវ។

អណ្តើកហ្លួងទាំងពីរក្បាលនេះ មានអាយុប្រហែល១៤ឆ្នាំ ខណៈអាយុកាលរស់របស់វាត្រូវបានប៉ាន់ស្មានថា មានជាង១០០ឆ្នាំឡើងទៅ។ អណ្ដើកហ្លួងញីអាច មានទំហំរហូតដល់៦០សង់ទីម៉ែត្រ និងអាចបន្តពូជនៅអាយុ២០ឆ្នាំ ខណៈឈ្មោលអាចមានទំហំ៤៩សង្ទីម៉ែត្រ៕

ដោយ ៖ សិលា


ចែករំលែក៖