ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជនជាតិថៃមកស្នាក់នៅខុសច្បាប់ត្រូវមន្ត្រីជំនាញច្រកទ្វារអន្តរជាតិប៉ោយប៉ែតបញ្ជូនទៅប្រទេសខ្លួនវិញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយសមត្ថកិច្ចជំនាញបញ្ជូនស្ត្រីជនជាតិថៃចំនួន ០៤នាក់ ទៅប្រទេសខ្លួនវិញ នៅវេលាម៉ោង០៩និង៤៥នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ។

  សមត្ថកិច្ចបញ្ជាក់ថាៈប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងទីស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ុម សុធី ឋានៈនាយរងផ្នែក ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ០៤នាក់ (ភេទស្រី) ក្នុងនោះទារិកាចំនួន ០២នាក់) ពាក់ព័ន្ធបទល្មើសលក់ដូរមនុស្ស និងមានគោលដៅក្នុងរូបភាពស៊ីឈ្មួលពរពោះ ។

យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៣ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកអនុសេនីយ៍ឯក SURAPOS KRUATANAKUL ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ចប់សព្វគ្រប់នៅវេលាម៉ោង ១០និង២៥នាទី.នាថ្ងៃដដែល ៕

ដោយ៖ វណ្ណា


ចែករំលែក៖