ព័ត៌មានទាន់ហេតុការណ៍៖

តើសម្តេចធិបតី ហ៊ុន ម៉ាណែត អត្ថាធិប្បាយដូចម្តេចខ្លះពាក់ព័ន្ធនឹង «និក្ខេបបទបណ្ឌិត» របស់សម្តេច?

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានបង្ហោះផ្សាយនូវនិក្ខេបបទថ្នាក់បណ្ឌិតរបស់សម្តេចនៅលើបណ្តាញសង្គម ដែលបានធ្វើឱ្យមជ្ឈដ្ឋានមួយចំនួនដែលធ្លាប់ចោទប្រកាន់សម្តេចពាក់ព័ន្ធនឹងការសិក្សាថ្នាក់បណ្ឌិតកន្លងមក ស្ងាត់មាត់ពុំមានយោបល់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបង្ហោះផ្សាយនូវនិក្ខេបបទនេះមិនមែនជាការផ្ចាញ់ផ្ចាលចំពោះការចោទប្រកាន់ឡើយ ផ្ទុយទៅវិញ សម្តេចប្រកាសស្វាគមន៍ចំពោះមតិយោបល់ផ្សេងៗអំពីនិក្ខេបបទនេះ ប៉ុន្តែបើយកទៅដើម្បីជេរ គឺសម្តេចមិនអាចទទួលយកបានឡើយ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តខ្ពស់ដល់គ្រប់សាស្ត្រាចារ្យ, សូមបន្តអភិវឌ្ឍសមត្ថភាព និងបង្កើនការសិក្សាស្រាវជ្រាវ បែបវិទ្យា សាស្ត្រតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ក្នុងការបង្រៀន និងផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និងឧត្តមានុវត្តន៍ជាក់ ស្តែង។ ការសិក្សាស្រាវជ្រាវនឹងជួយរួមចំណែកដល់ការប្រែក្លាយទ្រឹស្តីដែលបានសិក្សានៅក្នុងថ្នាក់រៀន ទៅជាការអនុវត្តជាក់ស្តែងនៅកន្លែងការងារ ទាំងវិស័យសាធារណៈ និងឯកជន។ លទ្ធផលនៃការសិក្សាស្រាវជ្រាវ អាចជាធាតុចូលដ៏សំខាន់សម្រាប់គោលនយោបាយសង្គម-សេដ្ឋកិច្ច ហើយលទ្ធផលទាំងនេះត្រូវបានលើកទឹកចិត្តឱ្យបោះពុម្ពក្នុងទស្សនាវដ្តីវិទ្យាសាស្រ្ត ជាពិសេសទស្សនាវដ្តីវិទ្យាសាស្រ្តក្នុងតំបន់ និងអន្តរជាតិ។

សម្ដេចបវរធិបតីបានបន្តថា សិស្សជ័យលាភីទាំងអស់ត្រូវខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវបន្ថែមទៀត ទាំងចំណេះដឹង ជំនាញ បទពិសោធន៍ សីលធម៌ និងការទទួលខុសត្រូវ ដែលជាសសរស្ដម្ភដ៏រឹងមាំសម្រាប់អនាគតដ៏រុងរឿងរបស់ខ្លួន។ សិស្សជ័យលាភីទាំងអស់គួរចាំថា ចំណេះដឹងដែលទទួលបានក្នុងការសិក្សាមិនទាន់គ្រប់គ្រាន់នោះទេ គឺចាំបាច់រួមផ្សំជាមួយបទពិសោធន៍ការងារជាក់ស្ដែងនៅក្នុងគំនិតច្នៃប្រឌិតនវានុវត្តន៍ទៅតាមស្ថានភាព និងកាលៈទេសៈថែមទៀត ទើបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលក្លាយជាបុគ្គលដ៏មានតម្លៃសម្រាប់ការងារក្នុងស្ថាប័ន និងមានប្រយោជន៍ដល់សង្គមជាតិ។

សម្ដេចថ្លែងយ៉ាងដូច្នេះថា «ចំណុចទាក់ទងនឹងទស្សនាវដ្តីនេះ ខ្ញុំសូមឱ្យលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យមើលលទ្ធភាពនេះ។ ដូច្នេះគួរសិក្សាបង្កើតបណ្ណាល័យណាមួយដែលអាចទុកដាក់បាន អ៉ីចឹងនិស្សិតជំនាន់ក្រោយដែលគាត់ស្រាវជ្រាវពីប្រធានបទណាមួយ គាត់អាចចូលទៅឃើញស្នាដៃរបស់និស្សិតជំនាន់មុនទាំងអស់»៕

ដោយ ៖ សិលា


ចែករំលែក៖