ព័ត៌មានទាន់ហេតុការណ៍៖

គ្រូពេទ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាក់វ៉ាក់សាំងដូសជំរុញសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជៅជាទីបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជាដែលបានស្វះស្វែងរកវ៉ាក់សាំងសំរាប់ចាក់ជូនប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ.១៩ជាសកល។ ក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងដូសជំរុញក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រមុខរាជរដ្ឋាភិបាល បានបន្តផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់ជូនប្រជាពល រដ្ឋតាមរយៈអោយកម្លាំងក្រុមគ្រូពេទ្យកងទ័ពចុះមកធ្វើការចាក់វ៉ាក់សាំងដូសទី ៣ ឬ ដូសជំរុញ ជូន ដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដែលកំពង់រស់នៅ ក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ ក្នុងគោលបំណងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ពីការឆ្លងជម្ងឺកូវីដ.១៩ ។ 

នេះជាប្រសាសន៍លើកឡើងរបស់ឧត្តមសេនីយ៍ទោ អ៊ុង សារ៉ាន់ នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពេលជួបសំភាសន៍  ជាមួយអ្នកយកព័ត៌មានក្នុងឱកាសក្រុមគ្រូពេទ្យកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ចុះចាក់វ៉ាក់សាំងដូសជំរុញ  ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការរិនី និយោជិត នៅក្នុងមូលដ្ឋាន តាមសង្កាត់ និងសាលារៀន ក្នុងភូមិសាស្ត្រខណ្ឌ កំបូល រាជធានីភ្នំពេញ ។ ក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងដូសជំរុញ ជូនបងប្អូនប្រជាពលរដ្ឋ និងកម្មករ និយោជិត ក្នុងខណ្ឌកំបូល បញ្ជា ការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រើប្រាស់កម្លាំងក្រុមគ្រូពេទ្យ ចំនួន ៥០នាក់ ដើម្បីចាក់ដូសជំរុញ ជូនប្រជាពលរដ្ឋ និងកម្មករ និយោជិត ដែលមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ ដែលកំពង់រស់នៅក្នុងសង្កាត់ កំបូល ។ 

លោកអ៊ុង សារ៉ាន់ ដែលបានដឹកនាំកម្លាំង គ្រូពេទ្យកងរាជអាវុធហត្ថ ចុះប្រតិបត្តិចាក់វ៉ាក់សាំងក្នុងវត្តកំបូល សង្កាត់កំបូល ខណ្ឌកំបូល ដោយបានធ្វើការសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌនឹងកម្លាំងអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំផ្សព្វផ្សាយប្រមូលផ្តុំដើម្បីឲ្យប្រជាពលរដ្ឋ និងកម្មករ និយោជិត មកទទួល ចាក់វ៉ាក់ សាំងការពារជំងឺកូវីដ១៩ ដូសជំរុញទៅ តាមពេលវេលា និងនៅតាមទីតាំងដែលបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន ។ 

ឧត្តមសេនីយ៍ទោ អ៊ុង សារ៉ាន់ បានបញ្ជាក់បន្ថែមថា ក្រុមគ្រូពេទ្យរបស់កងយោធពលខេមរភូមិន្ទ ដែលបានចុះចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ និងកម្មករ និយោជិត ក្នុងសង្កាត់កំបូល បានយកចិត្តទុកដាក់ ណែនាំ ឲ្យបងប្អូន ប្រជាពលរដ្ឋ ដែលមកទទួលវ៉ាក់សាំងដូសជំរុញ  ត្រូវបន្តចូលរួមអនុវត្តនូវវិធាន ការនានា របស់ក្រសួងសុខាភិបាល ដោយត្រូវអនុវត្ត ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពពីបុគ្គលទៅបុគ្គល  ១ម៉ែត្រកន្លះឡើងទៅបាញ់អាលកុលធ្វើអនាម័យ ជាពិសេសអនុវត្តវិធានការ ៣ការពារ ៣កុំ របស់ ប្រមុខរាជរដ្ឋាភិបាល អោយបានជាប់ជាប្រចាំ ។ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់តាំងពីខែ ឧសភា មក គឺជាការគិតគូរខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់រងហានិភ័យខ្ពស់ ទទួលបានវ៉ាក់សាំងការពារសុខភាព របស់បងប្អូន ។ 

សូមបញ្ជាក់ថា៖ ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ បានចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំង(ដូសទី៣) ឬ ដូសជំរុញ ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ ដោយប្រតិបត្តិនៅក្នុងខណ្ឌចំនួន ៦ រួមមាន៖ ខណ្ឌមានជ័យ, ដង្កោ, កំបូល, ពោធិ៍សែនជ័យ, ឫស្សីកែវ, ទួលគោក និង  ខណ្ឌសែនសុខ ចំនួន ១ សង្កាត់ផងដែរ។ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដែលបានកំពង់រស់នៅ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញបានចូលរួមចាក់វ៉ាក់សាំង ដូសជំរុញនេះយ៉ាងច្រើនកុះករ ស្របទៅតាមការរៀបចំរបស់អាជ្ញាធម៌មូលដ្ឋាន ។ 

ឯកសារដែលតម្រូវសម្រាប់ ភ្ជាប់ជាមួយក្នុងពេលទៅចាក់ដូសជំរុញ គឺទី១ គឺត្រូវមានបណ្ណចាក់ វ៉ាក់សាំង , បើមិនទាន់បានប័ណ្ណត្រូវភ្ជាប់ទៅជាមួយលិខិតទម្រង់ចាក់វ៉ាក់សាំងកាលពីដូសទី១ និងទី២  ដែលបងប្អូនប្រជាពលរដ្ឋបានចាក់កន្លងមក ៕

ដោយ៖ សូរិយា


ចែករំលែក៖