ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជា មុខសញ្ញាជួញដូរថ្នាំញៀនចំនួន៤នាក់ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់នៅក្នុងស្រុកឧដុង្គ កាលពីព្រលប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ហើយចាប់យកវត្ថុតាងថ្នាំញៀន៣កញ្ចប់ធំរួមនិងវត្ថុតាងផ្សេងៗមួយចំនួនទៀត។
យោងតាមរបាយការណ៍បានឱ្យដឹងថា, ក្រោមការស្រាវជ្រាវកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឧដុង្គបានកំណត់មុខសញ្ញាជនសង្ស័យ ហើយឈានដល់ការបង្រ្កាបតែម្តង ។
របាយការណ៍ដដែលបានបញ្ជាក់ថា, ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញបានធ្វើការឃាត់ជនសង្ស័យចំនួន២នាក់-ឈ្មោះ សំរិទ្ធ ទ្រី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិគោកសណ្តែក ឃុំក្រាំងចេក ស្រុកឧដុង្គ -ឈ្មោះ សួស វ៉ិត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទឹកលង ឃុំរុងរឿង ស្រុកថ្ពង ចាប់យកវត្ថុតាងម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ធំ និងជញ្ជីងអេឡិចត្រូនិក សំរាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង ទូរស័ព្ទដៃចំនួន០២គ្រឿងនិងឧបករណ៍កែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ក្រោយការសាកសួរនិងសារភាពពីជនសង្ស័យខាងលេី សមត្ថកិច្ចនគរបាលបានឈានទៅឃាត់ខ្លួនជនសង្ស័យបាន២នាក់បន្ថែមទៀត-ឈ្មោះ ហឿន កុសល្យ ភេទប្រុស អាយុ១៧ឆ្នាំ -ឈ្មោះ សយ លីហុង ភេទប្រុស អាយុ១៧ឆ្នាំ អ្នកទាំងពីររស់នៅភូមិខោប សង្កាត់រការធំ ក្រុងច្បារមន។ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានឆែកឆេររកឃើញវត្ថុតាងមួយចំនួនបន្ថែមទៀត
រួមមានម្សៅក្រាមសង្ស័យគ្រឿងញៀនចំនួន២កញ្ចប់ ទូរស័ព្ទចំនួន០៣គ្រឿង និងមធ្យោបាយម៉ូតូមួយគ្រឿងម៉ាកC១២៥ ពណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ ១I.៣៧៩០។
សមត្ថកិច្ចបានបន្តថា, បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់បានកំពុងស្ថិតក្រោមការសាកសួរបំពេញនីតិវិធីពីមន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកឧដុង្គដើម្បីកសាងសំណុំរឿងបញ្ជូនមកការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចំណាត់ការបន្ដ។
សូមបងប្អូនជនរួមជាតិ ចៀសវាងអោយផុតពីគ្រឿងញៀន ខណៈបំផ្លាញជីវិតយើង គ្រួសារយើង ៕
ដោយ៖ សហការី