នៅក្នុងកិច្ចពិភាក្សានាទីក្រុងប៉ារីសកាលពីថ្ងៃទី២២ខែតុលា អាមេរិកនិងប្រទេសចំនួន៣ក្នុងតំបន់អឺរ៉ុប ក្នុងនោះមានអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានព្រមព្រៀងគ្នាស្តីពីការចាំបាច់ដើម្បីឱ្យអុីរ៉ង់វិលត្រឡប់ចូលតុពិភាក្សាឱ្យបានឆាប់បំផុតស្តីពីកម្មវិធីបរមាណូរបស់ខ្លួន។
តាមការលើកឡើងរបស់ក្រសួងការបរទេសអាមេរិក Ned Price បានឱ្យដឹងថា ប្រទេសទាំង៤បានព្រមព្រៀងគ្នាក្នុងការតភ្ជាប់កិច្ចពិភាក្សាស្តីពីកម្មវិធីបរមាណូអុីរ៉ង់ នៅទីក្រុង Vienna ប្រទេសអូទ្រីសឱ្យបានឆាប់បំផុត។
ការសម្រេចខាងលើកើតឡើងក្រោយពេលដែលឧបការីអាមេរិកទទួលបន្ទុកបញ្ហាអុីរ៉ង់ លោក Rob Malley បានបំពេញទស្សនកិច្ចនៅប្រទេសតំបន់ឈូងសមុទ្រ ក្នុងនោះមាន កាតារ អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម …ដើម្បីពិភាក្សាស្តីពីបញ្ហាអុីរ៉ង់។
តាមការប្រកាសរបស់ក្រសួងការបរទេសបារាំងបានបញ្ជាក់ថា កិច្ចពិភាក្សាកើតឡើងក្នុងពេលដែលបារាំងនិងបណ្តាប្រទេស មហាអំណាចពិភពលោកបានត្រៀមលក្ខណៈពិភាក្សានៅទីក្រុង Vienna ប្រទេសអូទ្រីស ស្តីពីកម្មវិធីបរមាណូអុីរ៉ង់ ។ ចំណុចចាំបាច់នៅពេលនេះគឺអុីរ៉ង់ត្រូវតែបញ្ចប់ការរំលោភបំពានទៅលើកិច្ចព្រមព្រៀងបរមាណូ ក៏ដូចជាសហការគ្រប់គ្រប់ជ្រុងជ្រោយជាមួយអង្គការថាមពលបរមាណូអន្តរជាតិ IAEA។
កិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់ កាលពីឆ្នាំ២០១៥ ជាមួយប្រទេស៥+១ គឺដើម្បីស្វែងរកដំណោះស្រាយយូរអង្វែងដល់វិបត្តិបរមាណូអុីរ៉ង់។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានសម្រេចដកអាមេរិកចេញពីកិច្ចព្រមព្រៀងខាងលើ ហើយបង្កើនការដាក់ទណ្ឌកម្មដល់ប្រទេសអុីរ៉ង់ ។ នៅក្នុងឆ្នាំ២០២១ ក្រោយប្រធានាធិបតី ចូ បៃឌិនឡើងកាន់អំណាចក៏បានប្រកាសតភ្ជាប់កិច្ចព្រមព្រៀងជាមួយអុីរ៉ង់ឡើងវិញ៕ ដោយ៖ធីរីណា
រូបថត៖AFP/TTXVN