ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ ៖ «ការពិតនៃទំនាស់របស់ ពិភពលោក សព្វថ្ងៃ»

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ លោកបានលើកពីហេតុផលនៃ «ការពិតនៃទំនាស់របស់ ពិភពលោក សព្វថ្ងៃ» ក្នុងនោះលោករដ្ឋលេខាធិការ បានបញ្ជាក់ពីចំណុចចំនួន៣ នៃនយោបាយរបស់ប្រទេសលោកខាងលិច យ៉ាងដូច្នេះថា, «ការពិតនៃទំនាស់របស់ ពិភពលោក សព្វថ្ងៃ»

១/ លោកខាងលិច ក្រោមគំនិតចក្រព័ត្រនិងមូលធននិយម បានបំផ្លាញប្រទេសនៅមជ្ឈិមបូព៌ា ដោយសម្លាប់មេដឹកនាំប្រទេស បន្សល់នូវ បាតុកម្ម កុបកម្ម ឃាតកម្ម ចំណាកស្រុក ជនស៊ីវិលបាត់បង់ទីជម្រក សង្គ្រាមស៊ីវិល។

២/ លោកខាងលិច ក្រោមគំនិតអនុត្តរភាព បានបន្តុះបង្អាប់ ជ្រៀតជ្រែក បង្កាច់បង្ខូចប្រទេសលោកខាងកើត និងប្រទេសលោកខាងត្បូង តាមរយៈការបណ្តុះ និងផ្គត់ផ្គង់ដល់ ពួកសេរីនិយម ដែលជ្រកក្រោយផ្លាកសង្គមស៊ីវិល ធ្វើសកម្មភាព អាណាធិបតេយ្យ៖

– ពួកគេទាមទារចង់បានសុខសុវត្ថិភាព តែគេមិនចង់បាន រដ្ឋាភិបាល ដែលរឹងមាំទេ។ 

– ពួកគេចំកោងនិយាយអំពី សេរីភាព តែគេមិនគោរពច្បាប់ទេ។ 

– ពួកគេចំកោងនិយាយអំពី ប្រជាធិបតេយ្យ តែគេមិនដែលស្តាប់សំឡេងភាគច្រើនទេ។ 

– ពួកគេចំកោងនិយាយអំពី សិទ្ធិមនុស្ស តែគេមិនគោរពគុណតម្លៃមនុស្សទេ។ សូមស្វែងយល់ថា ពួកសេរីនិយម គឺហ្វាសស៊ីស។ អំពើប្រល័យពូជសាសន៍ ដែលធ្លាប់កើតមាននៅ អឺរ៉ុប នៅអាហ្វ្រីក និងទីកន្លែងដទៃទៀត គឺកើតពី ហ្វាសស៊ីសនិយម នេះឯង។

៣/ ទោះយ៉ាងណា លោកខាងលិច ក៏មានភាពប្រឈមដែរ៖

– ទំនាស់អារ្យធម៌ គឺជាឫសគល់ដែលនាំឱ្យកើតមានភេវរកម្ម ហើយមុខសញ្ញាធំជាងគេ គឺបន្តប្រឆាំងលោកខាងលិច។ 

– លោកខាងលិច បានបង្រៀនពិភពលោកអំពី «ច្បាប់អ្នកខ្លាំង» និងការធ្វើអ្វីស្រេចតែចិត្តដោយមិនគោរពច្បាប់អន្តរជាតិ នោះគឺ ត្រីធំ ស៊ី ត្រីតូច។ មេរៀននេះ អាចនឹងវិលត្រឡប់ទៅវិញ។

– តុល្យភាពសេដ្ឋកិច្ច យោធា សព្វាវុធ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងអាវកាស កំពុងក្លាយជាការគំរាមកំហែងថ្មី ចំពោះលោកខាងលិច បង្កើតការព្រួយបារម្ភពីការបាត់បង់ឋានៈរបស់ខ្លួន។ គំនិតឯកតោនិយម នឹងមិនអាចទប់ជាប់នូវដំណើរពហុប៉ូល ឬប្រព័ន្ធពហុនិយម បានឡើយ។

សូមបញ្ជាក់ថា, លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា អតីតជាអ្នកសារព័ត៌មានអាជីព១រូប ប្រកបដោយ វិជ្ជាជីវៈ ក្រមសីលធម៌  ដែលឆ្លងកាត់បទពិសោធន៍ក្នុងការនិពន្ធពីប្រវត្តិសាស្ត្រខ្មែរក្រហម និងជ្រួតជ្រាបយល់ដឹងយ៉ាងច្បាស់ពីនយោបាយលោកខាងលិច ឈានដល់មានចំណេះដឹងខ្ពស់ក្នុងការវិភាគសុីជម្រៅ និងបានចូលរួមជាមួយរាជរដ្ឋាភិបាលប្រឆាំងដាច់ខាតចំពោះជនបរទេសខ្លះ និងខ្មែរជ្រុលនិយមមួយចំនួន ដែលធ្វើសកម្មភាពនយោបាយអន់ទាប សាបព្រួសវប្បធម៌ហិង្សា សម្តីបាតផ្សារ នៅក្នុងប្រទេសកម្ពុជា ជាទីស្រឡាញ់របស់យើងទាំងអស់គ្នា ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖