ភ្នំពេញ៖ មានតែការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានទូទាំងសកលលោកទេ ទើបអាចជួយការពារអាយុជីវិតមនុស្សពីជំងឺដ៏កាច់សាហាវមួយនេះបាន តាមរយៈការជួយការពារកុំឱ្យឈឺធ្ងន់ធ្ងរ និងជួយឱ្យការព្យាបាលឆាប់ជាសះស្បើយផងដែរ។ នេះបេីយោងតាមការបញ្ជាក់ពីប្រធានកម្មវិធីរបស់អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍កម្ពុជា (AHF) លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេងបានថ្លែងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។
ការលើកឡើងបែបនេះលោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង បានថ្លែងក្នុងឱកាសដឹកនាំការធ្វើយុទ្ធនាការអំពាវនាវដល់បណ្តាប្រទេស អ្នកមាននៅទូទាំងពិភពលោក( G20 ) បន្តផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជួយដល់បណ្តាប្រទេសក្រីក្រីខណៈពេលបច្ចុប្បន្ននេះនៅមិនទាន់ទទួលបានវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋបានច្រើននៅឡើយទេ។
សូមជម្រាបថា យុទ្ធនាការនេះ ដើម្បីជាការត្រៀមក្នុងការក្នុងការតស៊ូមតិចុងក្រោយមួយនៅមុនកិច្ចប្រជុំកំពូល G20 នៅចុងខែតុលានេះ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី និងជាការបន្តកិច្ចខិតខំប្រឹងប្រែងជំរុញឱ្យមេដឹកនាំនៃបណ្ដាប្រទេសអ្នកមាននៅលើពិភពលោក ធានាឱ្យបាននូវសិទ្ធិទទួលបានវ៉ាក់សាំងបង្ការ COVID19 ជាសកល តាមរយៈការផ្ញើលិខិតទៅកាន់បណ្ដាស្ថានទូតនៃប្រទេស G20ផងដែរ។
លោកស្រីវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា គិតត្រឹមពាក់កណ្ដាលខែតុលានេះ មានជិតពាក់កណ្ដាលនៃប្រជាជនពិភពលោកបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ហើយភាគច្រើនបានប្រើប្រាស់ ឬចាក់នៅក្នុងបណ្ដាប្រទេសអ្នកមាន។ ជំងឺ COVID-19 នៅតែបន្តបង្កការបំផ្លិចបំផ្លាញនៅទូទាំងតំបន់អាស៊ី, អាហ្វ្រិក, អាមេរិកឡាទីន និងនៅជុំវិញពិភពលោក ហើយនេះក៏ដោយសារតែកង្វះខាតវិធានការ នោះគឺការខ្វះខាតវ៉ាក់សាំងសង្រ្គោះជីវិតមនុស្ស។ ខណៈកម្ពុជា សម្រេចបាននូវអាត្រាចាក់វ៉ាក់សាំងដ៏ខ្ពស់ហើយ តែបណ្ដាប្រទេសដទៃមួយចំនួនទៀត នៅតែបន្តខ្វះខាតវ៉ាក់សាំង នៅឡើយទេជាក់ស្ដែងមានតែ ៧ភាគរយនៃប្រជាជនអាហ្វ្រិក ដែលបានទទួលការចាក់វ៉ាក់សាំង COVID 19 ហើយបណ្ដាប្រទេសមានប្រាក់ចំណូលទាប មានតែប្រជាជន ២.៥ ភាគរយប៉ុណ្ណោះដែលទទួលបានការចាក់វ៉ាក់សាំងដូសទី១។ ដូច្នេះហើយយុទ្ធនាការ VOW ជម្រុញឱ្យបណ្ដាប្រទេសG20 ធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធានាឱ្យបាននូវការចាក់វ៉ាក់សាំងឱ្យពិភពលោកទាំងមូល។
ដោយឡែកបេីតាមតំណាងប្រជាពលរដ្ឋ ក្នុងការចូលរួមយុទ្ធនាការនេះ ក៏បានបញ្ជាក់ វ៉ាក់សាំងគឺពិតជាមានសារៈសំខានណាស់សំរាប់ពួកគាត់ និងប្រជាជនទូទាំងសកលលោក ដើម្បីជួយ ការពាអាយុជីវិត ដូចនេះសូមឱ្យប្រទេសអ្នកមានទាំងអស់ ជួយផ្តល់ជាវ៉ាក់សាំងដោយឥតគិតថ្លៃ ជូនប្រទេសក្រីក្រឱ្យបានច្រើន ដើម្បីបានវ៉ាក់សាំងការពារ និងសូមទុក អាយុជីវិតមនុស្សជាការសំខាន់ជាជាងការស្តុកវ៉ាក់សាំងទុកប្រើប្រាស់តែក្នុងប្រទេសខ្លួនឯងដោយភាពអាត្មានិយម ដែលមិនគិតដល់អ្នកដ៏ទៃ។
សូមបញ្ជាក់ថា សកម្មភាពតស៊ូមតិរបស់អង្គការ AHF ប្រចាំកម្ពុជា ជាព្រឹត្តិការណ៍មួយផ្នែកតូចរបស់ VOW ដែលវាផ្តោតសំខាន់លើប្រទេស ជាច្រើន ក្នុងរយៈពេលប៉ុន្មាន ខែចុង ក្រោយនេះ នៅមុនកិច្ចប្រជុំកំពូល G20 ក៏ដូចជាប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលជាមធ្យោបាយចម្បងក្នុងការដោះស្រាយជំងឺរាតត្បាត និងការធ្វើ សេចក្តីព្រាងអនុសញ្ញាសុខភាពសាធារណៈសកលថ្មីមួយ សំដៅបម្រើប្រព័ន្ធអភិបាលកិច្ចសុខភាពទូទាំងពិភពលោក ឱ្យមានសមត្ថភាពឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះការផ្ទុះឡើងនា ពេលអនាគតផងដែរ។
ស្វែងយល់បន្ថែមពី VaccinateOurWorld.org ដោយចូល VaccinateOurWorld.org, កន្លែងដែលអ្នកអាចចូលរួមជាបុគ្គល ឬជាអង្គការ ដើម្បីប្រយុទ្ធឱ្យទទួលបាន វ៉ាក់សាំងនៅទូទាំងពិភពលោក។ សូមជម្រាបថា អង្គការនិធិថែទាំសុខភាពអេដស៍ (AHF) ដែលជាអង្គការអេដស៍ពិភពលោកធំជាងគេ នាពេលបច្ចុប្បន្នផ្តល់ការព្យាបាល និងផ្តល់សេវាកម្មវេជ្ជសាស្រ្ត ដល់អតិថិជន ជាង ១,៦ លាននាក់នៅក្នុងប្រទេសចំនួន ៤៥ នៅទូទាំងពិភពលោកនៅសហរដ្ឋអាមេរិកអាហ្វ្រិកអាមេរិកឡាទីន ការ៉ាអ៊ីបតំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប៕
ដោយ៖សហការី