ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់៤នាក់និងរងរបួសធ្ងន់១នាក់ក្នុង២ករណីផ្សេងគ្នាដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្រុងបាវិតនិងស្រុកស្វាយទាប ។
សមត្ថកិច្ចគនរបាលខេត្តស្វាយរៀងបានឲ្យដឹងថាកាលពីវេលាម៉ោង៥និង៣៥នាទីល្ងាច ថ្ងៃទី២៤ខែតុលាឆ្នាំ ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបើកបរស្របទិសគ្នា លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៣៩និង១៤០ស្ថិតក្នុងនៅភូមិថ្នល់កែង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងមានម៉ូតូមួយគ្រឿងម៉ាកBEAT ពណ៌ក្រហម ទិសដៅពីលិចទៅកើត គ្មានស្លាកលេខ បើកបរដោយឈ្មោះគង់ សាវិន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិអង្គក្ដួច ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្តិភាព) ម៉ូតូខូចខាតស្រាល។
សមត្ថកិច្ចបានបន្តថាម៉ូតូមួយគ្រឿងម៉ាក Nex II ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1N. 8672 ក្នុងទិសដៅស្របគ្នាពីលិចទៅកើត បើកបរដោយឈ្មោះម៉ៅ កុសល់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ កណ្ដៀងរាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀង ស្លាប់នៅកន្លែងកើតហេតុ អ្នករួមដំណើរឈ្មោះ សេក វិចិត្រ ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិប្រសូត្រ១ ឃុំ កណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មិនពាក់មួកសុវត្តិភាព រងរបួសធ្ងន់ ម៉ូតូខូចខាតស្រាល មកដល់កន្លែងកើតហេតុខាងលើម៉ូតូទាំងពីរបានប៉ះគ្នា។
សពទាំងពីរបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីរីឯអ្នករងរបួសបានបញ្នូនទៅមន្ទីរពេទ្យ បង្អែកស្រុកស្វាយទាបរីឯមធ្យោបាយទាំងពីរគ្រឿងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបមូលហេតុ ម៉ូតូទាំងពីរគ្រឿងវ៉ាជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់។
ករណីទី២កើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី២៤ខែតុលា២០២១ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ១ត្រង់ចំនុចភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញក្រុងបាវិត ខេត្តស្វាយរៀង រវាង រថយន្តធុនធំ បុកជាមួយម៉ូតូពេញទំហឹង ខ្ទាតដួលចូលទៅម្ខាងរីឯមនុស្សពីរនាក់មិនទាន់ស្គាល់អត្តសញ្ញាណ ផ្លោងចូលរថយន្តមួយផ្សេងទៀតធ្វើឲ្យបុរស១នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុនិង១នាក់ទៀតរងរបួសធ្ងន់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យក៏ស្លាប់បាត់បង់ជីវិតតែម្តង ៕
ដោយ៖ សិលា