ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ហាមធ្វើចរាចរណ៍ចំពោះឡានធំ ដឹកធ្ងន់ឆ្លងកាត់ផ្លូវលេខ២០អា ខណៈមានទឹកហូរកាត់នៅយប់ថ្ងៃទី២៥តុលានេះ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបាន សម្រេចហាមឃាត់ការធ្វើចរាចរណ៍ចំពោះឡានធំ ឡានដឹកធ្ងន់បើកឆ្លងកាត់ផ្លូវលេខ២០អា ចាប់ពីម៉ោងនេះតទៅ តែអាចឱ្យធ្វើចរាចរណ៍បានចំពោះឡានតូចនិងម៉ូតូ។

   ការសម្រេចបែបនេះរដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងនៅយប់ថ្ងៃទី២៥ ខែតុលា ខណៈដែលលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានចុះពិនិត្យស្ថានភាពទឹក ទាំងយប់។

  កំណាត់ផ្លូវលេខ២០អា ដែលត្រូវបិទនេះ គឺចាប់ពីរង្វង់មូលកួរស្រូវ ឆ្លងកាត់សង្កាត់ រលួស និងសង្កាត់គងនយ ខណ្ឌដង្កោ ទៅផ្សារកន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ហើយការសម្រេចមិនឱ្យមានការធ្វើចរាចរណ៍ចំពោះឡានធំ ដឹកទំនិញដឹកដីបើកឆ្លងកាត់ផ្លូវលេខ២០អានេះ គឺដោយសារស្ថានភាពជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង និងហូរកាត់កំណាត់ផ្លូវមួយនេះហើយ។  ប៉ុន្តែទោះបីជាយ៉ាងណាក្តី នៅម៉ោង១១យប់នេះ លោកលឹម គានហោ បានសម្រេចបិទទ្វារទឹកជាច្រើននៅខេត្តកំពង់ស្ពឺដើម្បីកាត់បន្ថយការលិចលង់ខ្លាំងនៅយប់នេះ។

បន្ទាប់មកទៀតនៅម៉ោង១២និង៣០នាទីយប់ថ្ងៃដដែលលោកទាំង២គឺលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានបន្តដំណើរមកពិនិត្យទ្វារទឹកនៅសង្កាត់ព្រៃវែងខណ្ឌដង្កោទៀតមុនវិលទៅគេហដ្ឋានរបស់លោកវិញ៕

ដោយ ៖ សំរិត


ចែករំលែក៖