ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ថោង ខុន បន្តត្រួតពិនិត្យវឌ្ឍនភាពការងារ ដោយផ្តោតលើរបៀបវារៈសំខាន់ៗចំនួន៣

ចែករំលែក៖

ភ្នំពេញ៖ យោងតាមផេកផ្លូវការ ( Cambodia SEA GAMES 2023 ) និងទឹសស្លោក,យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា #កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា,  លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃអង្គារ៍ទី២៦ ខែតុលា ឆ្នាំ២០២១ ដោយផ្តោតលើរបៀបវារៈសំខាន់ៗចំនួន៣ និងបញ្ហាមួយចំនួនទៀត។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC មានប្រសាសាន៍ ក្រោយបញ្ចប់កិច្ចប្រជុំនេះថា «កិច្ចប្រជុំប្រចាំសប្តាហ៍នេះផ្តោតសំខាន់លើការពង្រឹងការងារ តាមដាន និងវាយតម្លៃក្រោមការដឹកនាំអង្គប្រជុំពី លោកបណ្ឌិត ថោង ខុន ដើម្បីត្រួតពិនិត្យគ្រប់លក្ខណៈសម្បត្តិឲ្យបានគ្រប់ជ្រុងជ្រោយ នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ថ្ងៃនេះលោកបណ្ឌិត ថោង ខុន បានអនុញ្ញាតឲ្យគណៈកម្មការជំនាញ ដែលត្រៀមទទួលការផ្ទេទង់ស៊ីហ្គេម លើកទី៣១ ពីម្ចាស់ផ្ទះវៀតណាម នាខែឧសភា ឆ្នាំ២០២២ ខាងមុខ បង្ហាញវឌ្ឍនភាពលម្អិត ដើម្បីត្រៀមទទួលទង់ និងសម្តែងទស្សនីយភាពសិល្បៈស្វាគមន៍ភ្ញៀវឆ្ពោះមកស៊ីហ្គេម នៅកម្ពុជា»។

ជាមួយគ្នានោះ លោកអគ្គលេខាធិការក៏បានជម្រាបជូនពីការត្រៀមខ្លួនរបស់សហព័ន្ធកីឡាជាតិនានា ត្រៀមចូលរួមប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្រោយពីម្ចាស់ផ្ទះមួយនេះបានប្រកាសពីជំហរច្បាស់លាស់ និងបញ្ជាក់ការរៀបចំ និងកំណត់យកក្នុងខែឧសភា ឆ្នាំ២០២២ ឡើងវិញ ពីព្រោះកន្លងទៅនោះ ម្ចាស់ផ្ទះ ស៊ីហ្គេម បានពន្យាពេល ពីឆ្នាំ២០២១ ដោយសារវិបត្តិជំងឺកូវីដ-១៩។ ដូច្នេះហើយ នៅថ្ងៃនេះ យើងបានបញ្ជាក់បន្ថែមពីភាពច្បាស់លាស់នេះជូនដល់សហព័ន្ធកីឡាជាតិកម្ពុជានានា ក្នុងការត្រៀមចូលរួមប្រកួតស៊ីហ្គេម លើកទី៣១ ជាថ្មី។

«ចំពោះគម្រោងចូលរួមក្នុងពិធីទទួលទង់ស៊ីហ្គេម និងកម្មវិធីសម្តែងសិល្បៈ វប្បធម៌ និងកីឡា ពីម្ចាស់ផ្ទះវៀតណាម បន្តវេនមកព្រះរាជាណាចក្រកម្ពុជា គឺលោកបណ្ឌិត ថោង ខុន បានឯកភាព និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការជំនាញ ក្នុងការតាក់តែងកម្មវិធីនេះ ដែលមានរយៈពេល ១០នាទី ប៉ុន្តែមានខ្លឹមសារសំខាន់ស៊ីជម្រៅ ដើម្បីទទួលស្វាគមន៍ ទាក់ទាញបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងភ្ញៀវអន្តរជាតិមកចូលរួមក្នុងស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ កម្មវិធីសម្តែងនេះមានរាប់បញ្ជូលទាំងការសម្តែងទស្សនីយភាពសិល្បៈ ចម្រៀង វប្បធម៌ និងកីឡា ដែលកម្ពុជាបានត្រៀមលក្ខណៈសម្បត្តិរួចរាល់អស់ហើយៗដល់ពេលបិទពិធីស៊ីហ្គេម នៅវៀតណាមនោះ គឺក្រុមកម្ពុជានឹងសហការជាមួយម្ចាស់ផ្ទះវៀតណាមធ្វើកិច្ចការនេះដោយផ្ទាល់»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន។

លោក វ៉ាត់ ចំរើន បន្ថែមទៀតថា ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម បានកំណត់យក៤០ប្រភេទកីឡា ដែលជាង ៥០០វិញ្ញាសា ខណៈកម្ពុជាកំពុងត្រៀមបញ្ជូនអត្តពលិករបស់ខ្លួនពីចន្លោះ៣២ទៅ៣៣ប្រភេទកីឡា ហើយក្នុងនោះប្រភេទកីឡារបស់កម្ពុជាភាកច្រើន គឺមានសក្តានុពលខ្ពស់ៗ ដែលអាចឈានដល់កម្រិតមេដាយផងដែរ។ ដូច្នេះហើយ លោកបណ្ឌិត ថោង ខុន ក៏បានជំរុញឲ្យសហព័ន្ធកីឡាជាតិទាំងអស់ត្រូវពង្រឹងគុណភាពបច្ចេកទេសឲ្យបានល្អប្រសើរ ពីព្រោះស៊ីហ្គេម លើកទី៣១នេះ គឺជាហ្គេមយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការកំណត់ វាស់ស្ទង់ កែលម្អ ដើម្បីឆ្ពោះទៅស្វែងរកភាពជោគជ័យ នាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ជាមួយគ្នានោះ CAMSOC ក៏បានពិភាក្សាគ្នាពីគម្រោងសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោ និងការរាប់ថយ ក្រោយ៥០០ថ្ងៃ  “Countdown” នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖