ខេត្តកណ្ដាល៖ ស្ត្រីម្នាក់ត្រូវបានបុរសជាប្តីអារ.កសម្លាប់ផ្ដាច់ជីវិតក្នុងថ្លុកឈាមគួរឱ្យរន្ធត់ បន្ទាប់ពីជនដៃដល់ជាប្តីអារកប្រពន្ធរួចក៏អារ.កបញ្ចប់ជីវិតខ្លួនឯងបណ្ដាលឱ្យរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ខណៈដឹកដល់មន្ទីរពេទ្យ ដោយសារតែភ្លើងប្រចណ្ឌ។ ករណីឃាតកម្មនេះបានកើតឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទី ស្ថិតក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះគឹម ពៅ ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរនៅផ្ទះ (ស្លាប់) មានស្នាមរបួសកាត់ទទឹង.ក ជម្រៅដល់ឆ្អឹងកងកប្រវែង ១៤ស.ម. x ៦ស.ម.ដាច់បំពង់ខ្យល់និងបំពង់ក។ ចំណែកជនសង្ស័យឈ្មោះ ពេជ្រ វិចិត្រ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រ(ស្លាប់នៅមន្ទីរពេទ្យ) របួសមុតដាច់ដល់ក្នុងបំពង់ខ្យល់កាត់ទទឹងក ប្រវែង៨ស.ម.x៣ស.ម.។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិកំពង់ទួល ឃុំ អន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ដោយឡែកវត្ថុតាងចាប់យកមានផ្លែកាំបិតតុកាត់ប្រវែង ២១ស.ម.។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ វេលាម៉ោង០៧និង៣០នាទីព្រឹកជនរងគ្រោះឈ្មោះ គឹម ពៅ មានទំនាស់ជាមួយប្តីឈ្មោះ ពេជ្រ វិចិត្រ (ជនសង្ស័យ) នៅក្នុងផ្ទះ ដោយកូនប្រុសទាំងពីរនៅអង្គុយកៀនផ្ទះ។ ពេលនោះ កូនប្រុសច្បងឈ្មោះ វិចិត្រ រតនា ឮសូរសំឡេងវ៉ៃគ្នាក៏ចូលទៅមើលឃើញឪពុកកំពុងយកកាំបិតអារ.កម្តាយ ក៏រត់ទៅហៅអ្នកជិតខាងឱ្យមកជួយ។ តែពេលមកដល់ឃើញស្ត្រីរងគ្រោះដេកស្លាប់មានស្នាមអារ ក និងជនដៃដល់ជាប្តីដេកអោបពីលើក៏មានស្នាមអារ.កដែរ តែនៅមានដង្ហើម អ្នកជិតខាងក៏ទូរស័ព្ទទៅប៉ូលិសនិងរថយន្តសង្គ្រោះ។ មួយសន្ទុះក្រោយមករថយន្តសង្គ្រោះក៏ដឹកបុរសជាប្តីទៅមន្ទីរពេទ្យបង្អែកស្រុកកណ្តាលស្ទឹង ពេលទៅដល់មន្ទីរពេទ្យក៏ដាច់ខ្យល់ស្លាប់តែម្តង។
សូមបញ្ជាក់ថា កន្លងមកជនសង្ស័យធ្លាប់ប្រចណ្ឌដោយសារប្រពន្ធលេងឆាតជាមួយប្រុសផ្សេង។ មកដល់ថ្ងៃកើតហេតុ ជនសង្ស័យបានដើរនិយាយប្រាប់អ្នកជិតខាងថា អញលាហើយ មើលកូនអញផង។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះជាប្រពន្ធពិតជាស្លាប់ដោយសារជនសង្ស័យជាប្តីយកកាំបិតមកអារ.កប្រាកដមែន។ ពេលធ្វើសកម្មភាពរួចជនសង្ស័យជាប្តីក៏ធ្វើអត្តឃាតដោយអារក សម្លាប់ខ្លួនដែរ។
ក្រោយពេលកម្លាំងជំនាញការពិនិត្យរួចរាល់ បានប្រគល់សាកសពជូនក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖ ស្អាងជ័យ