មេដឹកនាំកោះតៃវ៉ាន់ លោកស្រី ត្សៃ អុីងវិន(Tsai Ing-wen) បានប្រកាសទទួលស្គាល់ជាលើកដំបូងក្នុងរយៈពេល៤០ឆ្នាំកន្លងមកថាមានទាហានអាមេរិកឈរជើងនៅលើកោះនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកដឹកនាំកម្មវិធី Will Ripley របស់បណ្តាញព័ត៌មាន CNN លោកស្រី Tsai Ing Wen បានបញ្ជាក់ថា «ការគំរាមកំហែងពីចិនដីគោកនៅតែបន្ត ហើយកាន់តែខ្លាំងជាងមុន»។
ប៉ុន្តែមេដឹកនាំកោះតៃវ៉ាន់បញ្ជាក់ថា ទីក្រុង Taipei បានត្រៀមលក្ខណៈពិភាក្សាជាមួយប្រធានាធិបតីចិន លោកស៊ី ជីនពីន។ ភាគីទាំងពីរគួរតែអង្គុយតុពិភាក្សាស្តីពីសន្តិភាព ។ លោកស្រីបន្តទៀតថា គោលដៅរបស់យើង គឺជាការស្ថិតស្ថេរទាំងអស់គ្នាក្រោមម្លប់សន្តិភាព។
លោក Ripley បានដាក់សំណួរសួរមេដឹកនាំកោះតៃវ៉ាន់ថា តើមានទាហានអាមេរិកប៉ុន្មានឈរជើងនៅតៃវ៉ាន់? មេដឹកនាំតៃវ៉ាន់បានលើកឡើងថា មិនច្រើនដូចដែលអ្នកបានគិតនោះឡើយ។ ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ឱ្យបានច្បាស់នូវតួលេខណាមួយនោះឡើយដោយគ្រាន់តែថា មិនច្រើននោះទេ។
កាលពីថ្ងៃទី៧ខែតុលា សារព័ត៌មាន Wall Street Journal បានផ្សាយថា មានទាហានអាមេរិក២០ នាក់នៅកោះតៃវ៉ាន់ដើម្បីហ្វឹកហាត់ដល់កម្លាំងទាហានការពារកោះនេះ។
ការប្រកាសខាងលើរបស់មេដឹកនាំកោះតៃវ៉ាន់ ក្រោយពេលប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានប្រកាសពីការសន្យាការពារកោះតៃវ៉ាន់គេចផុតពីការវាយប្រហារឈ្លានពានពីចិនដីគោក ៕ ដោយ៖ធីរីណា
មេដឹកនាំស្ត្រីតៃវ៉ាន់ Tsai Ing-wen រូបថត៖baogiaothong.vn.
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ។រូបថត៖24h.com.vn.