ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាមានទោចមកុដប្រមាណ ៣៥.០០០ក្បាល ធ្វើឱ្យកម្ពុជាជាប្រទេសដែលមានប្រភេទសត្វកម្រជិតផុតពូជនេះច្រើនជាងគេនៅលើពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ លោក នេត ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, បើយោងតាមរូបភាពទោចមកុដបន្តបន្ទាប់ដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងអាជ្ញាធរអប្សរា ទោចមកុដគឺជាប្រភេទសត្វកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទរងគ្រោះជិតផុតពូជនៅលើពិភពលោក និងត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញា CITES។ ទោចម្កុដនេះមានដើមកំណើតនៅក្នុងប្រទេសកម្ពុជា ឡាវ និងថៃ។ យោងតាមអង្គការIUCN តាមការប៉ាន់ស្មាន ទោចម្កុដទូទាំងពិភពលោកមានប្រមាណជាង ៦៥ ០០០ ក្បាលដែលក្នុងនោះកម្ពុជាត្រូវបានគេជឿថាមានវត្តមានទោចម្កុដច្រើនជាងគេមានចំនួនប្រមាណ ៣៥ ០០០ ក្បាលដែលកំពុងរស់នៅ ក្នុងតំបន់ព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោងក្នុងតំបន់ការពារធម្មជាតិកម្ពុជាជាពិសេសតំបន់ជួរភ្នំក្រវ៉ាញ។ នៅភាគខាងកើតប្រទេសថៃមានប្រមាណ ៣០ ០០០ក្បាល និងនៅខាងត្បូងឈៀងខាងលិចនៃប្រទេសឡាវ មានវត្តមានទោចម្កុដតិចតួច។ 

លោកបន្តថា, ទោចម្កុដងាយស្រួលចំណាំថាជាទោចញី ឬទោចឈ្មោលដោយធ្វើការសម្គាល់ទោចញីមានពណ៌ស និងមានកាតឹបក្បាល និងទ្រូងមានពណ៌ខ្មៅ។ រីឯទោចឈ្មោលមានពណ៌ខ្មៅ នៅពេលវាមានអាយុ ៣ ទៅ៤ ឆ្នាំ លើកលែងតែដៃជើង និងរោមជុំវិញប្រដាប់បន្តពូជមានពណ៌ស។ ផ្ទៃមុខទោចញី និងឈ្មោលមានពណ៌ខ្មៅនិងមានរោមពណ៌សដុះព័ទ្ធជុំវិញមុខរហូតដល់ត្រចៀកដូចគ្នា។ ចំណែកកូនទើបកើតមានពណ៌ប្រផេះ ស្រាល។ នៅពេលវាអាយុ ៤ ឬ៥ ខែ មានដុះចេញនូវដុំខ្មៅពីរដុំដែលមួយដុំលើក្បាលរាងដូចម្កុដ និងដុំមួយទៀតនៅលើទ្រូង។ ទោចញីប្រែពណ៌នៅពេលវាមានអាយុ ២ ឬ៣ ឆ្នាំ ហើយក្រោយមកប្រែពណ៌ទៅជាត្នោតភ្លឺវិញនៅពេលវាពេញវ័យដោយមានដុំខ្មៅរាងត្រីកោណនៅលើទ្រូង និងម្កុដពណ៌ខ្មៅលើក្បាល។ ទោចម្កុដមានដៃវែងៗ និងគ្មានកន្ទុយទេ។ 

ទោចម្កុដត្រូវបានប្រទះឃើញនៅក្នុងព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ ជារួមវារស់នៅជាក្រុមតូចៗពី ២ ទៅ ៥ ក្បាលរួមមានមេ បា និងកូន។ ទោចពេញវ័យចាប់ពីអាយុ ៦ ឆ្នាំទៅ។ ពួកវាចំណាយពេលជាច្រើនម៉ោងនៅលើដើមឈើខ្ពស់ៗ ហើយជារឿយៗ វាតែងតែហក់លោកពីមែកឈើមួយទៅមែកឈើមួយនៅពេលព្រឹក។ អាហាររបស់វារួមមានផ្លែឈើគ្រប់ប្រភេទ ស្លឹកឈើ ផ្កា និងសត្វល្អិត។ ទោចញីបង្កើតកូនបានតែមួយគត់ បន្ទាប់ពីពរពោះរយៈពេល ២១០ ថ្ងៃ។ ចន្លោះកូនពីមួយទៅមួយមានរយៈពេល ២ ទៅ៣ ឆ្នាំ។ ទោចម្កុដញី និងឈ្មោល នៃក្រុមនីមួយៗចូលចិត្តបន្លឺស្ទើរសំឡេងព្រមៗគ្នានៅពេលព្រឹកដើម្បីគ្រប់គ្រងដែនព្រៃរៀងៗខ្លួន ហើយសំឡេងដែលបន្លឺឡើងអាចឮក្នុងរយៈចម្ងាយពី ១ ទៅ ២ គីឡូម៉ែត្រ។ លក្ខណៈពិសេសរបស់ទោចម្កុដ ជាសត្វប្រកាន់ដៃគូ ស្មោះត្រង់នឹងដៃគូ រស់នៅជាគ្រួសារ ហើយជាសត្វមិនបង្ករគ្រោះថ្នាក់ដល់មនុស្សឡើយ។  

លោក នេត ភក្រ្តា បានបញ្ជាក់ទៀតថា, ទោចម្កុដបាននិងកំពុងប្រឈមនឹងការគំរាមកំហែង បាត់បង់ដោយសារតែការបរបាញ់ ដាក់អន្ទាក់ ការធ្វើអាជីវកម្មនិងការបាត់បង់ជម្រក។ ក្រុមអភិរក្សនិងមន្ត្រីអនុវត្តច្បាប់បានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសជូញដូរសត្វព្រៃទាំងនេះ។ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារនិងអភិរក្សប្រភេទសត្វទោចម្កុដឱ្យបានគង់វង្ស អាជ្ញាធរជាតិអប្សរារួមនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ រដ្ឋបាលព្រៃឈើ បានព្រលែងសត្វទោចម្កុដបានចំនួន ៤ គ្រួសារនៅក្នុងព្រៃនៃឧទ្យានជាតិអង្គរ និងបានកើតកូនជាច្រើន។ យោងតាមក្រុមអភិរក្សរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ គិតមកដល់ខែកក្កដា ឆ្នាំ២០២០ សត្វទោចម្កុដ នៅក្នុងព្រៃអង្គរ មានចំនួន ១១ក្បាល។ មូលហេតុដែលនាំយកសត្វទោចម្កុដមកព្រលែងអោយរស់នៅ និងបង្កាត់ពូជក្នុងព្រៃអង្គរ ពីព្រោះព្រៃនេះមានដើមឈើចម្រុះ មានផ្លែផ្កាជាចំណី អមដោយការថែរក្សាការពារ ដែលអាចអោយសត្វខាងលើរស់នៅចិញ្ចឹមជីវិតដោយខ្លួនឯងបាន ។ 

ក្រសួងបរិស្ថានសូមថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីទាំងអស់ក្នុងការការពារនិងអភិរក្សសត្វទោចម្កុដដែលជាប្រភេទសត្វមានដោយកម្រ និងជិតផុតពូជនេះ។ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាអភិរក្ស និងបញ្ឈប់ការបរបាញ់ ដាក់អន្ទាក់សត្វព្រៃ បញ្ឈប់ការជួញដូរ និងឈប់បរិភោគសាច់សត្វព្រៃ។

រូបភាពទី១៖ ពេលខ្ញុំផ្តល់បទសម្ភាសជូនអ្នកសារព័ត៌មាននៅដែនជម្រកសត្វព្រៃភ្នំពក ភ្នំត្នោត ខេត្តព្រះវិហារ ទោចម្កុដញីមួយក្បាលបានលោតចុះលោតឡើងនៅលើដើមឈើក្រោយខ្នងខ្ញុំ ជារូបភាពយ៉ាងល្អ ៕

ដោយ៖ សិលា


ចែករំលែក៖