ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានលើកឡើងថា, ខ្ញុំបាទសូមគោរពជំរាបសួរបងប្អូនទាំងអស់ ថ្ងៃនេះ (៣១ តុលា ២០២១) ខ្ញុំបាទឆ្លៀតឱកាស បង្ហាញអំពីទិដ្ឋភាពច្បាប់ខ្លះៗ ដើម្បីឱ្យបងប្អូនយល់ដឹង និងរួមគ្នាគោរពច្បាប់ទាំងអស់គ្នា។
លោកបញ្ជាក់ថា, ម្សិលមិញ កងរាជអាវុធហត្ថ បានប្រកាសព័ត៌មានអំពីការឃាត់ខ្លួនបុគ្គលដែលប្រព្រឹត្តអំពើហិង្សាទៅលើក្មេងស្រី ហើយបុគ្គលនោះ គឺជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ។
ក្រោយពីប្រកាសព័ត៌មាន ក៏មានបងប្អូនយើង ចូលរួមបញ្ចេញមតិ (Comments) ផងដែរ។ តាមពិតការបញ្ចេញមតិមិនខុសទេ ប៉ុន្តែការជេរប្រមាថផ្សេងៗ ជាការណ៍មិនល្អ សម្រាប់សីលធម៌ ខ្ញុំបាទក៏យល់ដែរថា មកពីបងប្អូនខឹងនឹងអំពើល្មើសនិងអសីលធម៌របស់បុគ្គលនោះ។ ខ្ញុំបាទ ជាអ្នកនាំពាក្យ និងមានភារកិច្ចធ្វើការអប់រំចិត្តរបស់កងរាជអាវុធហត្ថ ខ្ញុំបាទសូមអភ័យទោស និងទទួលនូវកំហុសឆ្គងនេះទាំងស្រុង ពីព្រោះអាចមកពីការអប់រំមិនជ្រួតជ្រាបផងដែរ។ តាមច្បាប់គោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ បុគ្គលម្នាក់ៗ ទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនប៉ុណ្ណោះ។ ដូច្នេះនៅក្នុងករណីអំពើហិង្សានេះ កងរាជអាវុធហត្ថ ចាត់ការតាមនីតិវិធីយ៉ាងម៉ឺងម៉ាត់ចំពោះជនដែលប្រព្រឹត្តរួចហើយ។
តាមក្រមព្រហ្មទណ្ឌ មាត្រា២១៩._ ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ ៖ អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល កាលបើអំពើហិង្សានេះត្រូវបានប្រព្រឹត្តទៅលើ បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ…។ ដូច្នេះជនសង្ស័យអាចនឹងប្រឈមការផ្តន្ទាទោសដូចរៀបរាប់ខាងលើ។ សូមបងប្អូនជឿជាក់លើកងរាជអាវុធហត្ថ ក្នុងការកសាងសំណុំរឿងនេះបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់។ សូមចាំថា ការផ្តន្ទាទោស មិនមែនមានន័យជាការសងសឹកនោះទេ គឺជាការអប់រំស្តារនិតិសម្បទាបុគ្គលនោះ ឱ្យមករួមរស់ក្នុងសង្គមវិញ។ សូមគោរពអរគុណ៕
ដោយ ៖ សិលា