ខេត្តពោធិ៍សាត់ ៖ ក្មេងប្រុស១នាក់បានរងរបួសធ្ងន់កំពុងឋិតក្នុងការសង្រ្កោះបន្ទាន់ ក្រោយរូបគេរើសកាកសំណល់សង្រ្កាម(គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ)មកគប់លេងផ្ទប់នឹងសសរក្រោមផ្ទះបណ្ដាលឲ្យផ្ទុះលាន់លឺឡើងយ៉ាងកក្រើកដី បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ច ។
ហេតុការណ៍ខាងលើបានកើតឡើងនៅម៉ោង៤ និង៤៥នាទី ល្ងាចថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី៣០ខែតុលាឆ្នាំ២០២១ ត្រង់ចំណុចក្រោមផ្ទះជនរងរបួស ស្ថិតនៅភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពនានាជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា ជនរងរបួសត្រូវបានគេស្គាល់ឈ្មោះ ប៉ុញ បញ្ញា ភេទប្រុស អាយុ ១១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅភូមិ.ឃុំកើតហេតុ ។
ប្រភពដដែលបន្តទៀតថា ជនរងរបួសបានរបួសដៃស្ដាំ និងផ្ទៃមុខ(ធ្ងន់)ដែលត្រូវបានគេដឹងថា មូលហេតុ៖ បណ្ដាលមកពីក្មេងរងរបួសខាងលើ បានរើសគ្រាប់១គ្រាប់មកពីព្រៃនៅគ្រាដែលគាត់ទៅមើលគោ ប៉ុន្តែគ្រាប់នោះគេមិនស្គាល់ប្រភេទនោះទេ លុះនៅវេលាខាងលើក្មេងនោះបានគប់លេងផ្ទប់ទៅសសរក្រោមផ្ទះ ហើយក៏បានផ្ទុះឡើងលាន់លឺយ៉ាងកក្រើកដី និងមានផ្សែងហុយខ្មួលខ្មាញ់ហោះឡើងលើមេឃ ក៏បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរបែបនេះ បច្ចុប្បន្នកំពុងស្ថិតក្នុងសង្រ្កោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។
ប្រភពបញ្ជាក់ទៀតថា ករណីគប់លេងកាកសំណល់សង្រ្គាមបណ្ដាលឲ្យផ្ទុះរងរបួសធ្ងន់ខាងលើ ស្ថាប័នសមត្ថកិច្ចជំនាញពាក់ព័ន្ធចុះពិនិត្យ និងស្ថិតក្នុងធ្វើការស្រាវជាវនៅឡើយ ថាមិនទាន់ដឹងប្រភេទគ្រាប់អ្វីនោះនៅឡើយទេ ៕
ដោយ៖ បុឹម ពិន