ខេត្តព្រះវិហារ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានផ្ញើលិខិតទៅកាន់ លោក ប៊ុន ហួរ អភិបាលស្រុករវៀង ឱ្យពង្រឹងរបៀបរបបការងារក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងសក្តិសិទ្ធិភាព នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ នេះបើតាមលិខិតរបស់រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក គីម រិទ្ធី អភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីពង្រឹងរបៀបរបបការងារក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងសក្តិសិទ្ធិភាព ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន រដ្ឋបាលខេត្ត សូមណែនាំដល់ លោកអភិបាលស្រុក ដូចខាងក្រោម៖
*ទី១៖ ជំរុញ និងពង្រឹងការផ្តល់សេវាសាធារណៈ ស្របតាមកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហ មជ្ឈការ ឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាព មិនរើសអើង ឬប្រកាន់និន្នាការនយោបាយឡើយ។
*ទី២៖ យកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចដោយគំនិតច្នៃប្រឌិត មានស្មារតីទទួលខុសត្រូវ គិតគូរពី ឧត្តមប្រយោជន៍ជាតិ និងសេចក្តីថ្លៃថ្នូររបស់អង្គភាព។
*ទី៣៖ ពង្រឹងការអនុវត្តមុខងារ សិទ្ធិអំណាច និងតួនាទី ភារកិច្ច របៀបរបបការងារស្របតាមបទប្បញ្ញត្តិ ច្បាប់ និងលិខិតបទដ្ឋានគតិតយុត្តជាធរមាន។
*ទី៤៖ សូមបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងប្រជាប្រិយភាពរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរថែមទៀត។
លិខិតណែនាំឲ្យចេះធ្វើការផ្ញើជូនអភិបាលស្រុករវៀងខាងលើនេះ បានកើតឡើងក្រោយមានការចែកចាយតាមបណ្តាញសង្គម ចំពោះការបង្ហោះ និងការតូចចិត្តរបស់វីរៈកងទ័ពម្នាក់ ដែលឈរជើងនៅចាន់ក្រហម ទិសភ្នំខ្មោច ដែលបាននិយាយថា លោកអភិបាលស្រុក បានចុះទៅសួរសុខទុក្ខ និងផ្តល់អំណោយជូនលោក និងគ្រួសារ តែបានប្រើពាក្យសំដីរំលេចពីនិន្នាការបក្សនយោបាយ ដែលមិនគួរឲ្យមានការរើសអើងបែបនេះឡើយ ពោលនៅក្នុងដំណាក់កាលនេះទាំងប្រជាជន កងទ័ព និងរាជរដ្ឋាភិបាល ត្រូវសាមគ្គីគ្នាយ៉ាងរឹងមាំ ដើម្បីទប់ទល់ជាមួយសត្រូវ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច