ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូបញ្ច្រាសទិសគ្នានឹងរថយន្តធុនធ្ងន់ ដួលចូលក្រោមរថយន្ត កិនស្លាប់យុវជនម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម គ្រាជិះម៉ូតូទៅបុករថយន្តហើយដួលចូលក្រោមរថយន្តកិនពេញទំហឹង។

 ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៨និង១៥នាទីយប់ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្រុមទី២ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

 លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានឲ្យដឹងថា  មុនពេលកើតហេតុមានម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ បាត់ដំបង 1W-9775 បើកបរដោយឈ្មោះ រ៉ាយ សារឿង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចមិនប្រកាន់ស្តាំ ។ លុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកជាមួយរថយន្ត ម៉ាកតូយ៉ូតាកាមរី ស៊េរីឆ្នាំ២០០៧ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2B-5171 អ្នកបើកបរឈ្មោះ ស៊ីន សុខា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា។ ករណីនេះធ្វើឲ្យអ្នកបើកបរម៉ូតូដួលចូលក្រោមរថយន្តធុនធ្ងន់ ០១គ្រឿងទៀតមិនស្គាល់ម៉ាក (បើកគេចចេញពីកន្លែងកើតហេតុ) ដែលបើកបរស្របទិសគ្នាកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

បច្ចុប្បន្នកម្លាំងនគរបាលស្រុកបានចុះធ្វើការត្រួតពិនិត្យនិងវាស់វែង រួចដកហូតយានយន្តបង្កទាំងពីរគ្រើងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត រង់ចាំដំណោះស្រាយតាមនីតិវិធីតាមក្រោយ។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

ដោយ ៖ ប្រាថ្នា


ចែករំលែក៖