ខេត្តស្វាយរៀង៖ សាលារៀនគ្រប់កំរិតនៅទូទាំងខេត្តស្វាយរៀង បានបើកដំណើរការវិញហើយ បន្ទាប់ពីមានការផ្អាកមួយរយៈ ខណៈដែលមានការវាយលុកពីជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ នាពេលកន្លងមកនេះ។
លោក យស់ ពៅ នាយកវិទ្យាល័យស្វាយរៀងបានថ្លែងបញ្ជាក់ថា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ វិទ្យាល័យស្វាយរៀង ចាប់ពីថ្នាក់ទី៧ដល់ទៅ១២ទាំងអស់ ក៏ដូចជាគ្រឹះស្ថានអប់រំ នានា ក្នុងខេត្តស្វាយរៀងចាប់ផ្តើមបើកដំណើរការសិក្សាថ្នាក់រៀនឡើងវិញ។
លោក យស់ពៅ បន្តថាជាគុណបំណាច់ ដ៏ធំធេងប្រមុខរាជរដ្ឋាភិបាលដែលបានខិតខំគិតគូរសុខភាព របស់បងប្អូនប្រជាពលរដ្ឋពិសេសចៅៗសិស្សានុសិស្សដែលបានចាក់វ៉ាក់សាំងគ្រប់ៗគ្នា ទើបធ្វើឱ្យក្រសួងអប់រំ យុវជននិងកីឡាសម្រេចបើក គ្រឹះស្ថានអប់រំ នានា សាលារៀនឡើងវិញគ្រប់កំរិតក្នុងថ្ងៃនេះ។
ហើយ ក្នុងនាម លោក ជាគណៈគ្រប់គ្រងវិទ្យាល័យស្វាយរៀង សូមគោរពថ្លែងអំណរគុណនិងជូនពរសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលទាំងអស់ ពិសេសថ្នាក់ដឹកនាំខេត្ត ដែលមានលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងដែលបានយកចិត្តទុកដាក់ ខ្នះខ្នែង ធ្វើឱ្យគ្រឹះស្ថានអប់រំនានាក្នុងខេត្តស្វាយរៀងបើកដំណើរការឡើងវិញ ប្រកបដោយស្ដង់ដា (អេស អូ ភី) សេចក្ដីណែនាំរបស់ក្រសួងអប់រំ គឺរក្សា ការពារអនាម័យ និងសូមសិស្សានុសិស្សលោកគ្រូអ្នកគ្រូទាំងអស់ត្រូវគោរពវិធានការ ៣កុំ ៣ការពារ របស់ក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាលជាពិសេស ត្រូវចេះការពារខ្លួនឯងរៀងៗខ្លួនពីជំងឺកូវីដ-១៩ ក្នុងករណីបើមានអាការៈមិនស្រួល ឬមានរោគសញ្ញាសង្ស័យ ត្រូវប្រញាប់រាយការណ៍ទៅឲ្យលោកគ្រូ អ្នកគ្រូ ដើម្បីរៀបចំយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើការព្យាបាលឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់កុំឲ្យឆ្លងរាលរីកដាលទៅអ្នកដទៃទៀត ។
ជាមួយគ្នានេះ លោកបន្តថាដោយសារតែការបើកដំណើរការសាលារៀនឡើងវិញ លោកបានអំពាវនាវដល់ក្មួយៗសិស្សានុសិស្ស ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដូចពាក្យស្លោក ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមាន
គ្រោះថ្នាក់ចរាចរណ៍ ៕
ដោយ៖ យឹម សុថាន