ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារទ្រង់ទ្រាយធំពីកម្លាំងយោធាមីយ៉ាន់ម៉ា ផ្ទះពលរដ្ឋជាង១០០ខ្នងរងការបំផ្លាញ

ចែករំលែក៖

ផ្ទះជាង១០០ខ្នងស្ថិតនៅក្នុងតំបន់ភាគខាងលិចប្រទេសមីយ៉ាន់ម៉ាបានរងការដុតបំផ្លាញដោយសារតែការវាយប្រហារយ៉ាងខ្លាំងពីកម្លាំងទាហានរដ្ឋាភិបាលនិងក្រុមប្រដាប់អាវុធក្នុងតំបន់។ ការវាយប្រហារនោះបង្ខំឱ្យពលរដ្ឋប្រមាណ ៧៥០០នាក់ក្នុងស្រុកថាន់ថ្លាង(Thatlang) ត្រូវចាកចេញពីផ្ទះសម្បែងដើម្បីបញ្ចៀសគ្រាប់កាំភ្លើងវាយប្រហារ។
ការវាយប្រហារខាងលើទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ក្នុងនោះក៏មានអាមេរិកផងដែរ។ ទីក្រុងវ៉ាសុីនតោន បានថ្កោលទោស និងបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះសេចក្ដីរាយការណ៍ដែលថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានប្រព្រឹត្តទង្វើរំលោភ សិទ្ធិមនុស្ស និងបានបំផ្លាញផ្ទះសម្បែងរបស់ជនស៊ីវិលច្រើនជាង១០០ខ្នង រួមទាំងវិហារ
គ្រឹស្ដសាសនាមួយចំនួននៅក្នុងរដ្ឋ ឈីន (Chin) ស្ថិតនៅភាគខាងលិចនៃប្រទេស។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ពេលវេលានៅវ៉ាស៊ីនតោន) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយស៍ (Ned Price) ក៏បានចាត់ទុកផងដែរថា ទង្វើរបស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា គឺជារឿងគួរឱ្យស្អប់មិនអាចទទួលយកបាន។ លោក Ned Price បានបញ្ជាក់បន្ថែមដូច្នេះថា «វាជាទង្វើដ៏គួរឱ្យស្អប់ ដែលបង្ហាញកាន់តែច្បាស់ថា សហគមន៍អន្តរជាតិចាំបាច់ត្រូវតែឱ្យយោធាមីយ៉ាន់ម៉ាទទួលខុសត្រូវ ហើយត្រូវចាត់វិធានការបង្ការ កុំឱ្យមានការបំពានសិទ្ធិមនុស្សបែបនេះតទៅទៀត ក្នុងនោះរួមមានទាំងការហាមឃាត់ការលក់អាវុធដល់យោធារបស់ពួកគេ»។
ប្រតិកម្មរបស់ក្រសួងការបរទេសអាមេរិក កើតមានឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានរាយការណ៍ថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានដុតបំផ្លាញផ្ទះជនស៊ីវិលច្រើនជាង១០០ខ្នង រួមទាំងវិហារ
គ្រឹស្តសាសនាមួយចំនួននៅក្នុងការប៉ះទង្គិចគ្នាដោយអាវុធជាមួយចលនាប្រឆាំងរដ្ឋប្រហារ និងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅក្នុងទីក្រុង ថាន់ថ្លាង (Thantlang) នៃរដ្ឋ Chin។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក ស មីន តាន់ (Zaw Min Tun) បានចេញមុខច្រានចោល សេចក្ដីរាយការណ៍នេះដោយចាត់ទុកថា «ជាការចោទប្រកាន់គ្មានមូលដ្ឋាន»៕

ដោយ៖ធីរីណា(រូបថត៖ Save the Children.)


ចែករំលែក៖