អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចុះផ្សាយថា៖ ប្រទេសចិន និងរុស្ស៊ី កំពុងជំរុញក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) ឱ្យបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ដោយរំលឹកឡើងវិញនូវចេតនាកាលពីឆ្នាំ២០១៩ ដើម្បីដកបម្រាមលើការនាំចេញរូបចម្លាក់ អាហារសមុទ្រ និងវាយនភណ្ឌរបស់កូរ៉េខាងជើង ហើយឈានទៅអនុញ្ញាតការនាំចូលប្រេង ទៅកាន់កូរ៉េខាងជើងបន្ថែមទៀតផងដែរ។
ទីភ្នាក់ងារ Reuters បាននិយាយបន្ថែមថា តាមរយៈសេចក្តីព្រាងនៃដំណោះស្រាយ ដែលត្រូវបានរៀបរៀងឡើងវិញខាងលើនេះ ប្រទេសចិន និងរុស្ស៊ី ចង់ឱ្យសមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខ UN ដកទណ្ឌកម្មទាំងនោះ ដើម្បីជាការបោះជំហានទៅរកការជួយសង្គ្រោះ ជីវភាពរស់នៅនៃប្រជាជនកូរ៉េខាងជើង។ ទណ្ឌកម្មអូសបន្លាយពីអន្តរជាតិ និងគ្រោះធម្មជាតិប៉ុន្មានឆ្នាំជាប់ៗគ្នា បាននិងកំពុងធ្វើឲ្យកូរ៉េខាងជើង ជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ខណៈប្រជាជនរាប់លាននឹងប្រឈមមុខគ្រោះអត់ឃ្លាន។
សូមជម្រាបថា កូរ៉េខាងជើង កាលពីឆ្នាំ២០០៦ បានរងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ទៅលើកម្មវិធី នុយក្លេអ៊ែរ និងមីស៊ីល ផ្លោងរបស់ខ្លួន។ សេចក្តីព្រាងដំណោះស្រាយដោយប្រទេសចិន និងរុស្ស៊ីនេះ ក៏រួមបញ្ចូលនូវវិធានការផ្សេងៗទៀត ដែលស្នើឡើងដំបូងដោយរុស្ស៊ី និងចិនកាលពីឆ្នាំ ២០១៩ រួមទាំងការដកបម្រាមលើជនជាតិកូរ៉េខាងជើង ដែលធ្វើការនៅបរទេស និងការលើកលែងទណ្ឌកម្មលើ គម្រោងសហប្រតិបត្តិការផ្លូវដែកអន្តរកូរ៉េផងដែរ។
គួរបញ្ជាក់ថា សេចក្តីព្រាងខាងលើនេះ គឺត្រូវការការបោះឆ្នោតគាំទ្រភាគច្រើន ពីសំណាក់បណ្តាប្រទេសជាសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខ UN ហើយក៏មិនត្រូវឱ្យមានសំឡេងជំទាស់ណាមួយពី សហរដ្ឋអាមេរិក, ចិន, បារាំង, អង់គ្លេស និងរុស្ស៊ី ដែលជាសមាជិកអចិន្ត្រៃយ៍ទាំង៥ (P5) របស់ស្ថាប័នដ៏មានឥទ្ធិពលមួយនេះដែរ៕ដោយ៖ស តារា
រូបភាពឯកសារ៖AFP