ខេត្តស្ទឹងត្រែង: ប្រទះឃើញបុរសវ័យចំណាស់ម្នាក់ដេកស្លាប់ នៅក្រោមស្លឹកឈើដែលគេគ្របជិត ប្រហែលជារឿងគំនុំក្រោយសម្លាប់រួច ត្រូវបានឃាតក យកមកលាក់ចេតនាបំបាត់ភ័ស្តុតាង។ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ទើបគេរកឃើញនៅវេលាម៉ោង១២,០០នាទី ស្ថិតក្នុងចំណុចភ្នំរមៀត ភូមិសាស្ត្រកោះកេរ្ត៍ ក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។បើតាមការបញ្ជាក់របស់លោកថៃ ណា មេប៉ុស្តិ៍រដ្ឋបាលឃុំកោះស្នែងបានឲ្យដឹងថា: ជនរងគ្រោះដែលត្រូវគេសម្លាប់នោះ មានឈ្មោះភឹម លាន ភេទប្រុសអាយុ៥៤ឆ្នាំ រស់នៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ លោកបន្តថា:មុនកើតហេតុជនរងគ្រោះ បានធ្វើដំណើរទៅមើលទ្រូ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ហើយក៏បាត់ដល់ល្ងាច សាច់ញាតិសង្ស័យបាត់យូរក៏ទៅរក ដោយរកមិនឃើញ ហើយបន្តរករហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ទើបរកឃើញនៅចំណុចខាងលើ។ លោកមេប៉ុស្តិ៍បន្តថា: បើតាមការពិនិត្យនិងធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ ទៅលើសាកសពដោយមានសភាពស្អុយរលួយហើយនោះ សមត្ថកិច្ចបានបញ្ជាក់ថាសាកសពត្រូវបានគេសម្លាប់ រួចយកទៅលាក់ និងកាប់មែកឈើគ្របចេតនាលាក់ភ័ស្តុតាង។ សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្តដើម្បីរកជនដៃដល់ យកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់។ក្រោយការពិនិត្យទៅលើសាកសពរួច សមត្ថកិច្ចនិងមន្ត្រីជំនាញក៏បានប្រគល់ សពខាងលើទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនា៕
ដោយ៖មាស សុផាត