ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ០២គោលដៅក្នុងថ្ងៃតែមួយ សរុបចំនួន ៣១នាក់ ស្រី១៦នាក់ ក្នុងភូមិសាស្ត្រ ឃុំគោករមៀត ស្រុកថ្មពួក ដែលមានបំណងទៅធ្វើការងារនៅប្រទេសថៃដោយខុសច្បាប់ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត។ នៅវេលាម៉ោង១០យប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។
លោកអនុសេនីយ៍ត្រី ង៉ា ស្រស់ បានដឹងថាៈ កម្លាំងនគរបាលការពារព្រំដែនវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឃាត់ប្រជាពលរដ្ឋខ្មែរ ចំនួន១០នាក់ ស្រី០៦នាក់ មកពីខេត្តពោធិ៍សាត់ នៅចំណុចផ្សារបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ប្រគល់ឲ្យនគរបាលប៉ស្តិ៍រដ្ឋបាលឃុំគោករមៀត ។
លោកនាយរងប៉ុស្តិ៍បានបញ្ជាក់ថា៖តាមការសួរនាំប្រជាពលរដ្ឋទាំងនោះប្រាប់ថា ពួកគាត់មានបំណងទៅធ្វើការនៅប្រទេសថៃនិងបានទាក់ទងមេខ្យល់ជនជាតិថៃ ដោយគេយកថ្លៃជូនផ្លូវតម្លៃក្នុងម្នាក់៦,៥០០បាត ដល់កន្លែងធ្វើការទើបប្រគល់ប្រាក់ លុះធ្វើដំណើរដល់ចំណុចខាងលើត្រូវសមត្ថកិច្ទឃាត់ជាប់។
លោកអនុសេនីយ៍ត្រី ង៉ា ស្រស់ បានឲ្យដឹងទៀតថា៖នៅវេលាម៉ោង១១យប់ថ្ងៃទី០១ ខែវិច្ឆិកា នេះដែរ នគរបាលប៉ុស្តិ៍ការពារព្រំដែនភ្នំប្រាក់ នៃវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឃាត់ប្រជាពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនដោយខុសច្បាប់ក្នុងភូមិសាស្ត្រ ឃុំគោករមៀត ចំនួន២១នាក់ ស្រី១០នាក់ ក្នុងនោះមកពីខេត្តបន្ទាយមានជ័យ ១៣នាក់ ,ខេត្តបាត់ដំបង០១នាក់ ,ខេត្តស្ទឹងត្រែង០២នាក់ និងខេត្តសៀមរាបចំនួន០៥នាក់ ។
តាមការបំភ្លឺរបស់ប្រជាពលរដ្ឋទាំង២១នាក់ ពួកគាត់មានបំណងទៅធ្វើការងារនៅប្រទេសថៃ បានទាក់ទងមេខ្យល់ជនជាតិថៃតាមទូរស័ព្ទ ដោយគេយកថ្លៃជូនផ្លូវចំនួន៦,០០០បាតទៅ៦,៥០០បាត ហើយពួកខ្លួនបានជិះតាក់ស៊ីនៅទីរួមខេត្តបន្ទាយមានជ័យ មកបឹងត្រកួនតម្លៃក្នុងម្នាក់យក៧០០ បាតទៅ២,០០០បាត មកដល់បឹងត្រកួនត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំ ។លោកនាយរងប៉ុស្តិ៍រូបនោះ បានបញ្ជាក់ថា៖ចំពោះប្រជាពលរដ្ឋទាំង៣១នាក់ ត្រូវបានបញ្ជូនទៅក្រុមការងារចម្រុះប្រចាំការនៅច្រកអូរបីជាន់ ស្រុកអូរជ្រៅ ៕
ដោយ៖ វណ្ណា