ព័ត៌មានទាន់ហេតុការណ៍៖

លោក នេត ភក្រ្តា៖ ហេតុអ្វីបានជាបឹងទន្លេសាបត្រូវបានចាត់ទុកជាឋបនីយជីវមណ្ឌល?

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោក នេត ភក្ត្រា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្លែងថា, ផ្អែកនិយមន័យដែលកំណត់ដោយអង្គការសហប្រជាជាតិសម្រាប់ការអប់រំ វប្បធម៌ និងវិទ្យាសាស្រ្ត (UNESCO) ឋបនីយជីវមណ្ឌល គឺជាកន្លែងសិក្សាសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ហើយវាជាកន្លែងសម្រាប់សាកល្បងវិធីសាស្រ្តអន្តរកម្មសម្រាប់ការស្វែងយល់ និងគ្រប់គ្រងការផ្លាស់ប្តូរ និងអន្តរកម្មរវាងប្រព័ន្ធសង្គម និងអេកូឡូស៊ី រួមទាំងការការពារជម្លោះ និងការគ្រប់គ្រងជីវចម្រុះ និងជាកន្លែងដែលផ្តល់ដំណោះស្រាយក្នុងតំបន់ចំពោះបញ្ហាប្រឈមជាសកល។ ឋបនីយជីវមណ្ឌល រួមមានប្រព័ន្ធអេកូឡូស៊ីលើដី សមុទ្រ និងឆ្នេរសមុទ្រ។ (ប្រភព៖ គេហទំព័រអង្គការ UNESCO https://en.unesco.org/biosphere/about)

លោកបន្តថា, – ឋបនីយជីវមណ្ឌលបឹងទន្លេសាប ត្រូវបានកំណត់ដោយអង្គការសហប្រជាជាតិសម្រាប់ការអប់រំ វប្បធម៌ និងវិទ្យាសាស្រ្ត (UNESCO) នៅឆ្នាំ១៩៩៧ ដោយក្នុងនោះមានបឹងទន្លេសាប និងតំបន់ទំនាបលិចទឹក ដែលមានប្រភេទប្រព័ន្ធអេកូឡូស៊ីដីសើមអាស្រ័យគ្នាទៅវិញទៅមក០៣ផ្សេងគ្នាគឺរួមមាន (i) តំបន់វាលលំហរទឹកដែលស្ថិតនៅចំកណ្តាលបឹង (ii) តំបន់ព្រៃវាលភក់ទឹកសាប និង (iii) តំបន់វាលស្មៅលិចទឹកតាមរដូវ។ ឋបនីយជីវមណ្ឌលបឹងទន្លេសាប មានទំហំប្រមាណជា ១,៤៨១,២៥៧ ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តចំនួន០៥ គឺខេត្តកំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង។
– ឋបនីយជីវមណ្ឌលបឹងទន្លេសាបមានតំបន់ស្នូល០៣គឺ តំបន់រ៉ាមសារព្រែកទាល់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងតំបន់រ៉ាមសារស្ទឹងសែន ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។

– ប្រភេទជីវៈចម្រុះនៅឋបនីយជីវមណ្ឌលបឹងទន្លេសាបមានដូចជាប្រភទសត្វស្លាបទឹកប្រមាណជា២២៥ប្រភេទ មច្ចាជាតិ១៧៥ប្រភេទ ថនិកសត្វ៤៦ប្រភទេ ល្មូន៤២ប្រភេទ និងរុក្ខជាតិ២០០ប្រភេទ។

– បច្ចុប្បន្នក្រសួងបរិស្ថាន បាននឹងកំពុងសហការជាមួយអង្គការ UNESCO ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរៀបចំផែនការគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាប ដោយក្នុងនោះមានសកម្មភាពសំខាន់ៗដូចជាការស្តារ និងគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម ការគ្រប់គ្រងប្រព័ន្ធជលសាស្រ្ត និងការដាក់ចេញជាយន្តការសម្រាប់ជំរុញដល់ការអភិរក្សជីវចម្រុះ ធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានប្រកបដោយនិរន្តរភាពជាដើម៕

ដោយ៖ សិលា


ចែករំលែក៖