ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងអភិបាលរងខេត្ត បានចុះសំណេះសំណាលនិងពិនិត្យសហគមន៍បន្លែសុវត្ថិភាព និងសរីរាង្គរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិខ្ពប ឃុំព្រែកសំបួរ ស្រុកពាមជរ។
ក្នុងការចុះពិនិត្យនេះដែរ ក៏មានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានស្រុកពាមជរ កងកម្លាំងទាំងបីប្រភេទ និងមន្ទីរជុំវិញខេត្ត ព្រមទាំងក្រុមហ៊ុនជីធម្មជាតិ និងមន្រ្តីជំនាញផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលខេត្តមានប្រសាសន៍ថា បានពិនិត្យឃើញដំណាំបន្លែសុវត្ថិភាព និងសរីរាង្គកំពុងរីកលូតលាស់ទទួលបានផលល្អប្រសើរ ដោយសារមានការដំឡើងប្រព័ន្ធស្រោចស្រព បង្កលក្ខណៈងាយស្រួលដល់ការដាំដុះបន្លែ បង្កើនរដូវដាំដុះពេញមួយឆ្នាំ។
ទន្ទឹមនឹងនេះលោកអភិបាលខេត្តសូមថ្លែងអំណរគុណដល់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ដែលបានជួយការងារបច្ចេកទេសបន្ថែម ដើម្បីរក្សាបាននូវគុណភាពផលិតផល ប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ចឈានទៅសម្រេចនិរន្តរភាពនៃការផ្គង់ផ្គងនិងតម្លៃ។
ជាទីបញ្ចប់ លោកអភិបាលក៏សូមកោតសរសើរ គាំទ្រ ជំរុញ និងលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍វិស័យឯកជន និងសហគមន៍បន្លែសុវត្ថិភាព និងសរីរាង្គចូលរួមទាំងអស់គ្នាដើម្បីធ្វើបដិវត្តន៍ផលិតកម្មបន្លែឱ្យមានលក្ខណៈទំនើប ជាពិសេសឱ្យត្រូវតាមស្តង់ដារទីផ្សារ គឺនិរន្តរភាពបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងតម្លៃ ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍របស់យើង៕
ដោយ ៖ សិលា