ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបណ្ដោះអាសន្នរយៈពេល២២ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលបណ្តោះអាសន្នរយៈពេល២២ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១។ 

តាមរបាយការណ៍ពីឃុំ សង្កាត់ ចំនួន ១.៤១៨ លទ្ធផលបណ្តោះអាសន្ននៅថ្ងៃទី២២ នៃការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទូទាំងប្រទេស មានដូចខាងក្រោម៖

-ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១០.២៥១ នាក់

-អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៣.២៦៤ នាក់

-អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៤.៤៦៩ នាក់ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣.០២៥ នាក់។

សរុបរយៈពេល ២១ថ្ងៃ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះទទួលបានដូចខាងក្រោម៖

-ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុប មានចំនួន ២៥៣.១៥៧ នាក់ 

-អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ១២៤.២២២ នាក់

-អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៨៦.៨៤២ នាក់

-អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ៧៥.៥១៣ នាក់។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ដែលបច្ចុប្បន្ន មានទីតាំងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ដើម្បី ពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ។ ប្រសិនបើមានកំហុសឆ្គងសាមីខ្លួនត្រូវស្នើសុំកែតម្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលនឹងត្រូវប្រើក្នុងពេលបោះឆ្នោត។

 ចុះឈ្មោះបោះឆ្នោត ចំពោះអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ឆ្នាំ២០០៤) ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី និង ប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក។

សូមចូលទៅកាន់គេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/taxonomy/term/364 ដើម្បីពិនិត្យមើល តារាងលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រចាំថ្ងៃ។ សូមជម្រាបជូនថា តាមប្រតិទិនការងារ ការបិទការិយាល័យចុះឈ្មោះបោះឆ្នោតដើម្បីក្រុមប្រឹក្សាឃុំ សង្កាត់ ប្រជុំវាយតម្លៃការងារជាមួយក្រុមចុះឈ្មោះបោះឆ្នោត ត្រូវធ្វើនៅថ្ងៃទី២៦ ខែតុលា ថ្ងៃទី១០ ខែវិច្ឆិកា និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១៕

ដោយ ៖ សិលា


ចែករំលែក៖