ព័ត៌មានទាន់ហេតុការណ៍៖

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ក្លាយទៅជាជើងទម្របាញ់បញ្ជូនឱសថផ្សេងៗទៀតរបស់ចិនទៅកាន់ពិភពលោក

ចែករំលែក៖

មុនពេលផ្ទុះកូវីដ-១៩ ឱសថរបស់ចិនភាគច្រើនត្រូវបានប្រើប្រាស់ នៅក្នុងស្រុក ប៉ុន្តែនៅពេលនេះ វ៉ាក់សាំងរបស់ចិនបានបញ្ជូនទៅកាន់ប្រទេសជាច្រើននៅជុំវិញពិភពលោក។ ជាមួយគ្នានោះដែរ ក៏មានឱសថជាច្រើនរបស់ចិនបានលក់ចេញទៅក្រៅប្រទេសផងដែរ។
តាមសារព័ត៌មាន Bloomberg បានផ្សាយថា ជំងឺរាតត្បាតកូវីដ-១៩ បានជួយឱ្យចិនក្លាយទៅជាប្រទេសនាំចេញវ៉ាក់សាំងធំបំផុតលើពិភពលោក ពិសេសគឺទៅកាន់ប្រទេសដែលមិនមានសមត្ថភាពអាចទិញវ៉ាក់សាំងពីអាមេរិក និងអឺរ៉ុប។
នៅពេលនេះចិនបានប្រើប្រាស់ឱកាសនេះដើម្បីផលិតឱសថផ្សេងទៀតនាំទៅក្រៅប្រទេស ក្នុងនោះមានឱសថព្យាបាលរលាកសួតជាដើម។ ក្នុងពេលនេះដែរ ចិនកំពុងតែប្រកួតប្រជែងជាមួយក្រុមហ៊ុនឱសថធំៗនៅលើពិភពលោកដូចជា Pfizer Inc និង Merck & Co.ជាដើម។ ក្នុងពេលនេះវិស័យស្រាវជ្រាវនិងផលិតឱសថរបស់ចិនបានរីកចម្រើនយ៉ាងខ្លាំង ក្រោយមានទីផ្សារជាច្រើនដើរតាមពីក្រោយនៃវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ ជាមួយគ្នានេះដែរ ក៏បានជួយដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ី ជីនពីង ពង្រឹងអំណាចនៅជុំវិញពិភពលោកផងដែរ។
ដើម្បីដឹងគុណប្រទេសចិន ប្រធានាធិបតីប្រទេស Serbia លោក Aleksandar Vucic បានប្រកាសថា នឹងសាងសង់រូបចម្លាក់របស់ប្រធានាធិបតីចិន ស៊ី ជីនពីន ក្នុងរដ្ឋធានី Belgrade ដើម្បីជាការដឹងគុណ ក្រោយពេលចិនបានផ្តល់ជំនួយវ៉ាក់សាំងជាង៤លានដូស និងជួយដល់ក្រុមហ៊ុនដែកថែមនៅក្នុងប្រទេសនេះទៀតផង។
ក្នុងប្រវត្តិសាស្ត្រ ចិនមិនមែនជាប្រទេសនាំចេញឱសថនៅលើពិភពលោកនោះឡើយ គឺទើបតែពេលនេះ ឱសថចិនជាច្រើនប្រភេទ បានលក់ទៅក្រៅប្រទេស ដើរតាមពីក្រោយនៃវ៉ាក់សាំងចិន។ ក្រុមហ៊ុនផលិតឱសថ Sinovac Biotech Ltd របស់ចិនបាននាំមុខទាំងក្រុមហ៊ុន Pfizer របស់អាមេរិកទៅទៀត ដោយក្រុមហ៊ុនចិនបានលក់វ៉ាក់សាំងទៅក្រៅប្រទេសបាន១,៩ពាន់លានដូស ចំណែកក្រុមហ៊ុនអាមេរិកវិញបានតែ ១,៥ពាន់លានដូសប៉ុណ្ណោះ៕ ដោយ៖ធីរីណា

រូបថត៖Getty Images


ចែករំលែក៖