ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាប ករណី​ឆ្លងដែន ខុសច្បាប់ ដោយបាន​ឃាត់ខ្លួន មុខសញ្ញា​មេខ្យល់​ម្នាក់ និង​រំដោះ​ពលករ ១៤ នាក់​ នៅបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ សកម្មភាពនាំយក​ចេញមនុស្សឆ្លងដែនមិន​ស្របច្បាប់ នៅតែកើតមានជាបន្តបន្ទាប់ បើទោះបីសមត្ថកិច្ចការពារព្រំដែនបានរួមកម្លាំងទប់ស្កាត់ទាំងថ្ងៃទាំងយប់ក៏ដោយ។

 ជាក់ស្តែងបទល្មើសមួយនេះ បានកើត​ឡើង នៅ​ថ្ងៃទី ៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នៅត្រង់ចំណុច​ច្រកទ្វារព្រំដែន​អូរ​រំដួល ស្ថិតក្នុង​ភូមិ​អូរ​ថ្មី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​ បុរសម្នាក់ជាមេខ្យល់នាំមនុស្សឆ្លងដែនទៅថៃ និងអ្នកចាញ់បោកមេខ្យល់ចំនួន១៤នាក់ ត្រូវសមត្ថកិច្ចចម្រុះការពារព្រំដែនឃាត់ខ្លួន។​

សមត្ថកិច្ច​ចម្រុះបានឲ្យដឹងថា ករណីនេះសមត្ថកិច្ច បាន​ឃាត់ខ្លួន​មេខ្យល់​ម្នាក់ ឈ្មោះ រ៉េ​ន សុ​គន់ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មាន​ទីលំនៅ ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ព្រមទាំង​ពលករ ប្រុស​ស្រី ចំនួន ១៤ នាក់​ផ្សេងទៀត ដែល​ទាំងអស់គ្នា បម្រុង​នឹង​ឆ្លងដែន​ចូល ក្នុង​ទឹកដី ដោយ​ខុសច្បាប់​។​

  នៅនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ​ជា​មេខ្យល់ បានសារភាពថាខ្លួនគេពិតជារកស៊ីនាំផ្លូវឲ្យមនុស្សឆ្លងដែនទៅប្រទេសថៃខុសច្បាប់ប្រាកដមែន ដោយទទួលប្រាក់ជើងសារតាមតម្លៃព្រមព្រៀងរបស់បុគ្គលនីមួយៗ។

 ក្រោយទទួលការសារភាពបែបនេះសមត្ថកិច្ច បានបញ្ជូនជនសង្ស័យរូបនេះមក​ការិយាល័យ​ជំនាញ ដើម្បី​អនុវត្ត​តាមច្បាប់​។ ចំណែកឯ​ប្រជាពលរដ្ឋ រងគ្រោះទាំង១៤នាក់ សមត្ថកិច្ចធ្វការអប់រំ​ណែនាំ តម្រូវ​ឲ្យ​ធ្វើកិច្ចសន្យា​បញ្ឈប់ ហើយ​ឱ្យ​វិល​ទៅកាន់ លំនៅដ្ឋានរៀងៗ​ខ្លួន​នៅរសៀលថ្ងៃនោះដែរ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖