ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកែបអញ្ជើញជួបសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍ឆ្នាំ២០២១

ចែករំលែក៖

ខេត្តកែប៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកែប និងនាយទាហានមួយចំនួនទៀតបានជួបសំណេះសំណាល ជាមួយយោធិនចូលនិវត្តន៍ឆ្នាំ ២០២១ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកែប។

នៅក្នុងឱកាសនេះដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកែបបានលើកឡើងថាប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាមេបញ្ជាការកងទ័ពជើងគោកតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់កងកម្លាំងនិងក្រុមគ្រួសារយោធិនជាពិសេសយោធិនសោធននិវត្តន៍ ដោយមានការចង្អុលបង្ហាញនិងមតិផ្ដាំផ្ញើពី មេបញ្ជាការយោធភូមិ ភាគទី៣ ពេលកន្លងមក បានចូលរួមថ្លែងអំណរគុណយោធិនចូលនិវត្តន៍ ដែលបានចូលរួមបម្រើជាតិមាតុភូមិ នឹងហ៊ានពលីគ្រប់បែបយ៉ាង ដើម្បីអនុវត្តបទបញ្ជា និងភារកិច្ចរបស់ថ្នាក់ដឹកនាំឱ្យបានល្អប្រសើរ។ 

ក្រោមការលះបង់និងទទួលខុសត្រូវខ្ពស់នៅក្នុងកងយោធពលខេមរភូមិន្ទ នាពេលកន្លងមក នេះជាស្នាដៃដ៏ល្អប្រសើរបំផុតក្នុងការបម្រើជាតិមាតុភូមិ។ ឯកឧត្តមមេបញ្ជាការបានផ្ដល់នូវវត្ថុអនុស្សាវរីយ៍ថ្លែងអំណរគុណជូនដល់យោធិនសោធននិវត្តន៍ បានភ្ជាប់មកជាមួយនូវថវិកាមួយចំនួន។

ក្រោយពីបញ្ចប់ពី ការសំណេះសំណាលរួចមកយោធិនសោធននិវត្តន៍ និងគ្រួសារយោធិនពលីបានថ្លែងអំណរគុណទៅដល់ប្រមុខរាជរដ្ឋាភិបាល ក្នុងការដឹកនាំប្រទេសប្រកបទៅដោយសុខសន្តិភាពជារៀងរហូត៕

ដោយ៖ សូរិយា


ចែករំលែក៖