យន្តហោះគ្មានមនុស្សបើកផ្ទុកពេញដោយរំសេវបានវាយប្រហារ ផ្ទះនាយករដ្ឋមន្ត្រីអុីរ៉ាក់ ក្នុងគោលដៅសម្លាប់នាយករដ្ឋមន្ត្រី Mustafa al Kadhimi តែមិនបានសម្រេច។
ការវាយប្រហារកើតឡើងនៅព្រឹកថ្ងៃទី ៧ខែវិច្ឆិកា នៅវិមាននាយករដ្ឋមន្ត្រី Kadhimi ។ កម្លាំងទាហានអុីរ៉ាក់បានប្រកាសថា នេះជាការធ្វើឃាតដោយមានការគិតទុកជាមុន ប៉ុន្តែនាយករដ្ឋមន្ត្រីត្រូវបានជម្លៀសចេញទៅកាន់តំបន់មានសុវត្ថិភាពទាន់ពេលវេលា មិនគ្រោះថ្នាក់ឡើយ។
មន្ត្រីរដ្ឋាភិបាលអុីរ៉ាក់ក៏បានបញ្ជាក់ពីការវាយខាងលើផងដែរ ប៉ុន្តែនាយករដ្ឋមន្ត្រីមានសុវត្ថិភាព ។ បុគ្គលិកសន្តិសុខ ការពារវិមាននាយករដ្ឋមន្ត្រីក៏បានរងរបួស ក្នុងហេតុការណ៍ខាងលើ។
នៅពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថាជាសកម្មភាពវាយប្រហាររបស់ខ្លួននៅឡើយទេ ។ វិមាននាយករដ្ឋមន្ត្រី អុីរ៉ាក់គឺស្ថិតនៅក្នុងតំបន់បៃតង ក្នុងរដ្ឋធានីបាតដាត ដែលជាទីតាំងយាមល្បាតយ៉ាងតឹងតែងបំផុត ដោយមានស្ថានទូតបរទេសជាច្រើននៅទីនោះ។
ពាក់ព័ន្ធការវាយប្រហារខាងលើ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានបញ្ជា់ថា នោះជាសកម្មភាពវាយប្រហារភេរវកម្ម ហើយយើងបានថ្កោលទោសយ៉ាងខ្លាំងដល់ការវាយប្រហារខាងលើ សំដៅទៅប្រមុខដឹកនាំជាន់ខ្ពស់អុីរ៉ាក់។ លោក Ned Price បន្តទៀតថា អាមេរិកបានសហការជាមួយកម្លាំងសន្តិសុខអុីរ៉ាក់ដើម្បីស្រាវជ្រាវលើករណីវាយប្រហារ ប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី៕ដោយ៖ធីរីណា
រូបថត៖Reuters.