ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន៖ ខារ៉ាអូខេ ក្លិប រង្គសាល អាចនឹងបើកក្រោយថ្ងៃ៣០ ខែវិច្ឆិកា

ចែករំលែក៖

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យរាជរដ្ឋាភិបាលតាមដានស្ថានភាពនៃ ជំងឺកូវីដ-១៩ រហូតដល់ចុងខែវិច្ឆិកា មុននឹងមានការ សម្រេចឱ្យអាជីវកម្មដែលមានហានិភ័យខ្ពស់ដូចជា ក្លិបឌីស្តូតែក ខារ៉ាអូខេ និងរង្គសាល អាចបើកអាជីវកម្ម ឡើងវិញ។ សម្ដេចបញ្ជាក់ថា ប្រសិនអនុញ្ញាតឱ្យបើក អាជីវកម្មទាំង៣ខាងលើឡើងវិញនៅពេលនេះគឺលឿន ពេកដែលអាចនឹងមានបញ្ហា។

ថ្លែងក្នុងឱកាសសម្ពោធអគារក្រសួងដែនដី នគរូបនីយ កម្ម និងសំណង់នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ខារ៉ាអូខ KTV ឌីស្កូតែក ហើយនិងរង្គសាល រង់ចាំក្រោយ ថ្ងៃទី៣០ ខែវិច្ឆិកា។ ខ្ញុំសម្រេចយប់មិញ តាមសំណើ របស់លោក អូន ព័ន្ធមុនីរ័ត្ន ដែលដឹកនាំប្រជុំដោយលោក ម៉ម ប៊ុនហេង ពីគណៈកម្មការព្រោះប្រសិន ជាបើកវាលឿនពេកអាចនឹងមានបញ្ហា។ ឥឡូវនេះធ្វើ ម៉េចបើកសាលារៀនបើកសិនទៅមុនអត្រាឆ្លងគឺធ្លាក់ ចុះ»។

ថ្វីត្បិតតែរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញលើ គ្រប់វិស័យកាលពីថ្ងៃទី១ ខែវិច្ឆិកាក៏ដោយ ក៏ប៉ុន្តែដើម្បី បន្តទប់ស្កាត់និងកាត់បន្ថយអាជីវកម្មដែលមានហានិភ័យ ខ្ពស់រដ្ឋបាលរាជធានី-ខេត្ត នៅតែបន្តហាមឃាត់អាជីវកម្ម មួយចំនួនដដែល។ អាជីវកម្មដែលបន្តហាមឃាត់នោះ មានខារ៉ាអូខេ រង្គសាល និងឌីស្តូតែក។

អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង កាលពី ថ្ងៃទី៣ ខែវិច្ឆិកា បានប្រាប់សារព័ត៌មាន ថា លោក បានរៀបចំសំណើទៅគណៈកម្មការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ដើម្បីអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវអាជីវកម្មក្លឹបកម្សាន្ត រង្គសាល និងខារ៉ាអូខេ ដោយថា ការសម្រេចឱ្យបើកអាជីវកម្មដែលមានហានិភ័យទាំង នេះគឺលោកត្រូវការការយល់ព្រមពីគណៈកម្មការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ ជាមុន។

អស់រយៈពេល១ឆ្នាំ និង៨ខែជាងហើយដែលអាជីវ កម្មខារ៉ាអូខេ ក្លឹបកម្សាន្ត និងរង្គសាល ត្រូវបាន រដ្ឋាភិបាលសម្រេចផ្អាកអាជីវកម្មបន្ទាប់ពីកម្ពុជាបានរក ឃើញជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។ ទោះជាយ៉ាងណាពន្លឺ នៃការត្រលប់មករកភាពប្រក្រតីតាមគន្លងថ្មីនៃអាជីវកម្ម ទាំងនេះត្រូវបានបង្ហាញនៅថ្ងៃទី១ ខែវិច្ឆិកា នៅពេល ដែលកម្ពុជាសម្រេចជោគជ័យក្នុងការចាក់វ៉ាក់សាំងជូន ពលរដ្ឋ និងបានបើកប្រទេសឡើងវិញ៕

ដោយ៖ សិលា


ចែករំលែក៖