ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ការអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីផ្សេងទៀត នៅរាជធានីភ្នំពេញ ដោយកំណត់ចំនួនអ្នកចូលរួមយ៉ាងច្រើនបំផុតត្រឹម ២០០នាក់ ក្នុងមួយពិធី

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ស្ដីពីការអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីផ្សេងទៀត នៅរាជធានីភ្នំពេញ ដោយកំណត់ចំនួនអ្នកចូលរួមយ៉ាងច្រើនបំផុតត្រឹម ២០០នាក់ ក្នុងមួយពិធី ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។

រដ្ឋបាលរាជធានីភ្នំពេញសម្រេច :

ប្រការ១…ត្រូវបានអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីផ្សេងទៀត នៅរាជធានីភ្នំពេញ ដោយ កំណត់ចំនួនអ្នកចូលរួមយ៉ាងច្រើនបំផុតត្រឹម ២០០ នាក់ ក្នុងមួយពិធី ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។

ការកំណត់ចំនួនអ្នកចូលរួមយ៉ាងច្រើនបំផុតត្រឹម ២០០ នាក់ ក្នុងមួយពិធី ខាងលើនេះ គឺសំដៅទៅលើ ក្រុមគ្រួសារម្ចាស់កម្មវិធី សាច់ញាតិ និងភ្ញៀវកិត្តិយសដែលត្រូវបានអញ្ជើញចូលរួម។ ដោយឡែក ចុងភៅ ក្រុមភ្លេង និងអ្នកបម្រើការក្នុងកម្មវិធីមិនត្រូវបានរាប់បញ្ចូលឡើយ។

ប្រការ២… ម្ចាស់កម្មវិធី ត្រូវមានទីតាំងឯកជនសមស្របសម្រាប់រៀបចំពិធីអាពាហ៍ពិពាហ៍ ឬ ពិធីបុណ្យប្រពៃណីផ្សេង ទៀត និងត្រូវដាក់ពាក្យស្នើសុំរៀបចំកម្មវិធី ជូនមករដ្ឋបាលខណ្ឌនៃទីតាំងប្រារព្ធជាមុនសិន ដើម្បីពិនិត្យនិងសម្រេចជូន។

ម្ចាស់កម្មវិធី ត្រូវចុះកិច្ចសន្យាជាមួយរដ្ឋបាលខណ្ឌនៃទីតាំងប្រារព្ធ ដើម្បីទទួលខុសត្រូវអនុវត្តនីតិវិធីប្រតិបត្តិ ស្តង់ដា ស្តីពីការរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីផ្សេងទៀត តាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺ កូវីដ-១៩ (SOP) របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ជាពិសេសត្រូវអនុវត្តវិធានការ សុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឹងម៉ាត់ គឺកាតព្វកិច្ចពាក់ម៉ាស (លើកលែងពេលទទួលទានអាហារ-ភេសជ្ជៈ) កាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ បាញ់ថ្នាំសម្លាប់មេរោគ ការវាស់កម្ដៅ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រការ៣ …ប្រគល់ភារកិច្ចជូនរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ និង មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សហការចុះត្រួតពិនិត្យទីតាំងប្រារព្ធពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីផ្សេងទៀត ក្នុងដែនសមត្ថកិច្ច ដើម្បីតាមដាន ឃ្លាំមើល និងណែនាំម្ចាស់កម្មវិធីនីមួយៗ ឱ្យអនុវត្តស្របតាមនីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីការរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីផ្សេងទៀត តាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនជំងឺកូវីដ-១៩ (SOP) របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ។ ក្នុងករណីពិនិត្យឃើញថា ម្ចាស់កម្មវិធី ណាមួយមិនព្រមផ្តល់កិច្ចសហការ ឬ អនុវត្តមិនបានត្រឹមត្រូវដែលជាហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ ត្រូវចាត់ វិធានការផ្អាកការរៀបចំកម្មវិធីជាបន្ទាន់ រួចធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរជូនមករដ្ឋបាលរាជធានីភ្នំពេញ។ ប្រការ៤ …បទប្បញ្ញត្តិទាំងឡាយណា ដែលបានដាក់ចេញដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មុនពេលសេចក្តីសម្រេចនេះចូលជាធរមាន ហើយដែលមិនផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវមានអានុភាពអនុវត្ត បន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៥ …នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវទទូល បន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ៖ សិលា


ចែករំលែក៖