ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តស៊េរីទំនើបមួយគ្រឿងចេញពីផ្លូវបេតុងជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ពេញទំហឹងបណ្ដាលឲ្យរថយន្តបែនដឹកខ្សាច់ជ្រុលទៅបុកចូលផ្ទះលក់បាយធ្វើឱ្យរងរបួសម្ដាយនិងកូនស្រីត្រូវ បញ្ជូនទៅសង្គ្រោះភ្លាមៗ កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃ អង្គារ ទី៩ ខែ វិច្ឆិកា ឆ្នំា២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ កែងនិងផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកេីតគេឃើញរថយន្តបែនដឹកខ្សាច់ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F-0566 បើកតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុកែងផ្លូវ៦០ម៉ែត្របានបត់ឆ្វេងស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាកមែរសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា K.SARUN6 បើកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង ហេីយជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ពេញទំហឹងបណ្ដាលឱ្យរថយន្តបែនដឹកខ្សាច់រេចង្កូតទៅបុកចូលផ្ទះលក់បាយ-ម្ហូប បណ្ដាលឱ្យកូនស្រីរបួសស្រាល រីឯម្ដាយរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ