ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមែរសឺដេសពន្លះរថយន្តបែនដឹកខ្សាច់​ រួចហេីយរេចង្កូតចូលផ្ទះលក់បាយបណ្តាលឱ្យរបួសពីរនាក់

ចែករំលែក៖

  ភ្នំពេញ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តស៊េរីទំនើបមួយគ្រឿងចេញពីផ្លូវបេតុងជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ពេញទំហឹងបណ្ដាលឲ្យរថយន្តបែនដឹកខ្សាច់ជ្រុលទៅបុកចូលផ្ទះលក់បាយធ្វើឱ្យរងរបួសម្ដាយនិងកូនស្រី​ត្រូវ បញ្ជូនទៅសង្គ្រោះភ្លាមៗ កាលពីវេលាម៉ោង១១​និង២០នាទីយប់ថ្ងៃ អង្គារ ទី៩ ខែ វិច្ឆិកា ឆ្នំា២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ កែងនិងផ្លូវជាតិលេខ២​ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកេីតគេឃើញរថយន្តបែនដឹកខ្សាច់​ ក្បាលពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3F-0566 បើកតាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុកែងផ្លូវ៦០ម៉ែត្របានបត់ឆ្វេងស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាកមែរសឺដេស​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកម្ពុជា K.SARUN6 បើកបរដោយបុរសម្នាក់​ធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង​ ហេីយជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ពេញទំហឹងបណ្ដាលឱ្យរថយន្តបែនដឹកខ្សាច់រេចង្កូតទៅបុកចូលផ្ទះលក់បាយ-ម្ហូប​ បណ្ដាលឱ្យកូនស្រីរបួសស្រាល រីឯម្ដាយរបួសធ្ងន់​ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ​ ។ 

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមក​ដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​រាជធានីភ្នំពេញ​ រង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖