ខេត្តបន្ទាយមានជ័យ៖ កម្មករសំណង់ម្នាក់បានដាច់ខ្យល់ស្លាប់នៅលើម៉ូតូឌុប បន្សល់ទុកកូនតូច២នាក់ដែលសមត្ថកិច្ចកំពុងប្រកាសរកសាច់ញាតិ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៥ មុខការាស់សាំងPTT ក្នុងភូមិបាលិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត។
អាជ្ញាធរភូមិបានប្រាប់ថា ជនរងគ្រោះឈ្មោះ សិង្ហ ភ័ណ្ណារ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ ជាកម្មករសំណង់ ដែលបន្សល់កូនចំនួន២នាក់ គឺកូនប្រុសច្បង ឈ្មោះ សិង្ហ ផាណាត់ អាយុ១២ឆ្នាំ និង កូនស្រីទី២ឈ្មោះ សិង្ហ ធារី អាយុ៩ឆ្នាំ ទាំង៣នាក់ឪពុកកូនស្នាក់នៅបន្ទប់ជួលមួយកន្លែងក្នុងភូមិកើតហេតុខាងលើ។
ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា បើយោងតាមព័ត៌មានពីអ្នកជិតខាងថា មុនដំបូងជនរងគ្រោះបានទល់លាមកពីរថ្ងៃមកហើយ ទើបមិនស្រួលខ្លួន ហើយបានសម្រេចហៅម៉ូតូឌុប ឲ្យដឹកគាត់ទៅមន្ទីរពេទ្យ តែមិនទាន់ដល់មន្ទីរពេទ្យផង គាត់ក៏ដាច់ខ្យល់ស្លាប់តែម្តង។ ប្រភពដដែលបន្តថា ដោយសារគាត់បានបែកបាក់គ្នាជាមួយប្រពន្ធទើប ជនរងគ្រោះត្រូវចិញ្ចឹមកូន២នាក់ តែម្នាក់ឯង ចំណែកប្រពន្ធបានទៅនៅភ្នំពេញ។
ក្រោយពេលកើតហេតុ សពត្រូវអាជ្ញាធរ និងសមត្ថកិច្ចនគរបាល សម្រេចយកសពទៅរក្សាទុកនៅវត្តបាលិលេយ្យ រង់ចាំសាច់ញាតិ ចំណែកកូនប្រុសស្រី២នាក់ ត្រូវបានអាជ្ញាធរយកទៅសម្រាកនៅបន្ទប់ជួល ស្វែងរកសាច់ញាតិនៅពេលព្រឹកបន្តទៀត៕
ដោយ ៖ វណ្ណា