ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Bernardo Silva នឹងខកខានការប្រកួតជម្រុះ World Cup នៅថ្ងៃព្រហស្បតិ៍នេះនៅក្រៅទឹកដីត្រូវប៉ះអៀរឡង់ ដោយសារបញ្ហាសាច់ដុំ។ នេះបើយោងតាមអ្នកចាត់ការ Fernando Santos បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ។
Silva ដែលមានទម្រង់លេងយ៉ាងអស្ចារ្យសម្រាប់ក្លិបរបស់គាត់នៅManchester City ក្នុងរដូវកាលនេះ និងជាកីឡាករដ៏សំខាន់ក្នុងការប្រកួតដណ្តើមពានរង្វាន់ Premier League របស់ពួកគេជាមួយនឹងគូប្រជែងMan United កាលពីចុងសប្តាហ៍នោះ បានខកខានការហ្វឹកហាត់កាលពីថ្ងៃចន្ទ ហើយក៏អវត្តមាននៅថ្ងៃអង្គារផងដែរ។
គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់លោក Santos បាននិយាយថា “ខ្ញុំមិនពឹងផ្អែកលើគាត់ទេ។ គាត់មានការត្អូញត្អែរអំពីសាច់ដុំ។ ខ្ញុំមិនគិតថាគាត់មានលក្ខខណ្ឌក្នុងការទៅប្រកួតនេះទេ យើងគិតថាគាត់នឹងមិនអីទេសម្រាប់ការប្រកួតជាមួយស៊ែប៊ីនៅថ្ងៃអាទិត្យ”។
លោកបន្តថា “គាត់បានមកដល់ដោយអស់កម្លាំង គាត់ត្អូញត្អែរ គាត់មានការប្រកួតជាច្រើននៅលើគាត់ ហើយមិនអាចទៅហ្វឹកហាត់បាន ប៉ុន្តែគាត់បានជាសះស្បើយឡើងវិញ ហើយយើងសង្ឃឹម និងជឿថាគាត់នឹងអាចលេងនៅទីនេះជាមួយស៊ែប៊ី”។
ការប្រកួតនៅទីក្រុងDublin ទល់នឹងអៀរឡង់ គឺមានសារសំខាន់សម្រាប់ក្រុមព័រទុយហ្គាល់ ដែលតាមពីក្រោយក្រុមកំពូលតារាងស៊ែប៊ី ដោយចាញ់១ពិន្ទុក្នុងពូល A ប៉ុន្តែមានការប្រកួត១ប្រកួតក្នុងដៃ ៕
ដោយ៖ ភារៈ(រូបភាព ៖ CNA)