ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) តាមប្រព័ន្ធនិម្មិត (Virtual Meeting) នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) តាមប្រព័ន្ធនិម្មិត (Virtual Meeting)ដែលផ្សាយចេញពីវិមានរដ្ឋសភា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងសេចក្តីប្រកាសព័ត៌មាន

ស្តីពីសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) តាមប្រព័ន្ធនិម្មិត (Virtual Meeting)ដែលផ្សាយចេញពីវិមានរដ្ឋសភា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។ 

អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយស សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា,  រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមមូលបទ “ការពង្រឹងភាព ជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យ និងក្រោយវិបត្តិជំងឺកូវីដ-១៩ ” (Strengthening Parliamentary Partnership for Peace and Sustainable Development in the Era of COVID-19 and Beyond) កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប Asia-Europe Parliamentary Partnership Meeting ហៅកាត់ថាASEP គឺជាព្រឹត្តិការណ៍អមមួយ របស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប Asia-Europe Meeting ហៅកាត់ថា ASEM ដែលរាជរដ្ឋាភិបាលកម្ពុជា នឹងទទួលធ្វើម្ចាស់ផ្ទះ នៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ តាមប្រព័ន្ធនិម្មិត (Virtual Meeting) ផងដែរ។ កិច្ចប្រជុំកំពូលនេះ នឹង មានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ / រដ្ឋាភិបាលនៃប្រទេសចំនួន៥១ នៅទ្វីបអឺរ៉ុបនិងអាស៊ី ប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

នេះជាលើកទី១សម្រាប់សភានៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ដែល ត្រូវទទួលរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិតាមប្រព័ន្ធនិម្មិតបែបនេះ ហើយព្រឹត្តិការណ៍នេះនឹង ជាប្រវត្តិសាស្ត្រដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសហសម័យរបស់កម្ពុជា។ ។

នៅក្នុងពិធីបើកនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ នឹងមានការចូលរួមថ្លែង សុន្ទរកថារបស់ថ្នាក់ដឹកនាំសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាសហប្រធាន ASEP11 និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជា ប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)។

គណៈប្រតិភូនៃប្រទេសជាសមាជិកសភាអាស៊ី-អឺរ៉ុប នឹងមានឱកាសពិភាក្សាគ្នាយ៉ាងល្អិត ល្អន់នូវសេចក្តីប្រកាសរបស់ ASEP11 ព្រមទាំងពិភាក្សាផ្លាស់ប្តូរទស្សនៈជាមួយគ្នាទៅវិញទៅមក ក្នុង ក្រុមពិភាក្សាចំនួនបីក្រុមផ្សេងគ្នា ដែលមានប្រធានបទ មានជាប់ពាក់ព័ន្ធនឹងមូលបទគោលខាងលើ។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប បានដើរតួនាទីជាវេទិកាមួយសម្រាប់ទំនាក់ទំនង ការងារការទូតរវាងសភាជាសមាជិក និងជំរុញការយល់ដឹងទៅវិញទៅមកក្នុងចំណោមប្រជាពលរដ្ឋ នៃបណ្តាប្រទេសអាស៊ី និងអឺរ៉ុប។ កិច្ចប្រជុំ ASEP បានផ្ដោតលើទំនាក់ទំនងអន្តរសភា លើកកម្ពស់ ការទូតសភា ពង្រឹងកិច្ចពិភាក្សាយោគយល់គ្នាទៅវិញទៅមក និងទាក់ទាញការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើបញ្ហាមួយចំនួន ដែលសមាជិកសភាចាត់ទុកថាជា អាទិភាព ដូចដែលបានដាក់នៅក្នុងដំណោះស្រាយ និងសេចក្តីប្រកាសចុងក្រោយ របស់កិច្ចប្រជុំ ASEP 1 ឈរលើស្មារតីក្នុងនាមជាប្រទេសម្ចាស់ផ្ទះ សភាកម្ពុជាមានសុទិដ្ឋិនិយមក្នុងការខិតខំបំពេញ កាតព្វកិច្ចទទួលរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដែលនឹងបន្តរួមចំណែកដល់ការលើកកម្ពស់ នូវចក្ខុវិស័យនិងគោលដៅចម្បងរបស់ ASEP ក្នុងការបន្តពង្រឹងនិងពង្រីកនូវទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការ និងការតភ្ជាប់រវាងទ្វីបទាំងពីរឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅ និងសម្រេចបាន នូវក្តីប្រាថ្នារួមរបស់ប្រជាពលរដ្ឋ គឺការរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។

គួររំលឹកដែរថា កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប បានបង្កើតឡើងនៅឆ្នាំ១៩៩៦ និង បានកោះប្រជុំលើកដំបូង នៅទីក្រុង Strasbourg ប្រទេសបារាំង ហើយបច្ចុប្បន្ន មានសមាជិកនៅ ក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំនួន៥១ប្រទេស រួមទាំងអង្គការជាដៃគូចំនួន២ គឺសហភាពអឺរ៉ុប និង លេខាធិការដ្ឋានអាស៊ាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖