រដ្ឋាភិបាលថ្មីរបស់ជប៉ុនបានផ្តល់អាទិភាពក្នុងការបង្កើតទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយប្រទេសក្នុងតំបន់ ក្នុងនោះមានចិនជាដើម។ នាពេលថ្មីៗនេះក្រោយការឡើងកាន់អំណាចរដ្ឋមន្ត្រីការបរទេសថ្មីនៃប្រទេសជប៉ុន បានបញ្ជាក់ថា វាមានសារៈសំខាន់ណាស់ក្នុងការកសាងទំនាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាពជាមួយប្រទេសចិន ហើយទន្ទឹមគ្នានេះលោកបានអំពាវនាវឱ្យប្រទេសជិតខាងដ៏ធំរបស់ខ្លួនមួយនេះ បង្ហាញអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវ។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់លោក ក្នុងនាមជារដ្ឋមន្ត្រីការបរទេសជប៉ុន បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃទំនាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាពជាមួយប្រទេសចិន។ លោក Hayashi បាននិយាយថា «ទំនាក់ទំនងរវាងជប៉ុន នឹងចិនកាន់តែមានសារៈសំខាន់ មិនត្រឹមតែសម្រាប់ប្រទេសរបស់យើងទាំង២ ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងសហគមន៍អន្តរជាតិផងដែរ»។
លោក Yoshimasa Hayashi បានបន្ថែមថា «យើងត្រូវការស្នើសុំឱ្យមានអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវ ក្នុងពេលជាមួយគ្នានេះយើងក៏ត្រូវការឱ្យរក្សាការសន្ទនា និងកិច្ចសហការយ៉ាងរឹងមាំលើបញ្ហាប្រឈមរួមគ្នាផងដែរ»។
លោក Yoshimasa Hayashi ត្រូវបាននាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអុ គីស៉ីដា តែងតាំងជារដ្ឋមន្រ្តីការបរទេសថ្មី កាលពីថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីលោក គីស៉ីដា បានជាប់ជានាយករដ្ឋមន្រ្តីដដែល ក្រោយគណបក្សលោកទទួលជ័យជម្នះក្នុងការបោះឆ្នោតសកល កាលពីចុងខែតុលាកន្លងទៅ៕
ដោយ៖ធីរីណា(រូបថត៖TTXVN-VNA.)