អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បានប្រកាសថា អ្នកបើកបររថយន្តសម្រាប់កម្មវិធីស្បៀងអាហារពិភពលោកចំនួន៧២នាក់ ត្រូវបានចាប់ខ្លួននៅតំបន់ភាគខាងជើងប្រទេស Ethiopia ។ នៅពេលនេះអង្គការសហប្រជាជាតិបានទំនាក់ទំនងជាមួយរដ្ឋាភិបាល Ethiopia ដើម្បីស្វែងយល់ពីមូលហេតុដែលឈានដល់ការចាប់ខ្លួនខាងលើ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិបញ្ជាក់យ៉ាងច្បាស់ថា អ្នកបើកបររថយន្តឱ្យកម្មវិធី WFPត្រូវបានចាប់ខ្លួននៅក្នុងខេត្ត Afar ពេលកំពុងតែបើកបរនៅលើផ្លូវក្នុងតំបន់ Tigray ប្រទេស Ethiopia ។អង្គការសហប្រជាជាតិបានអំពាវនាវឱ្យរដ្ឋាភិបាល Ethiopia ធានាសន្តិសុខ និងសិទ្ធិស្របច្បាប់ដល់ក្រុមអ្នកបើកបរសម្រាប់កម្មវិធី WFP ។
កាលពីថ្ងៃទី៩ខែវិច្ឆិកា លោក Dujarric ក៏បានលើកឡើងថា អង្គការសហប្រជាជាតិបានធ្វើការជាមួយរដ្ឋាភិបាល Ethiopia ដើម្បីដោះលែងបុគ្គលិកអង្គការសហប្រជាជាតិ១៦រូបដែលក្រុមសន្តិសុខប្រទេសនេះចាប់ខ្លួននៅទីក្រុង Addis Ababa ។ លោក Dujarric បន្តទៀតថា ពេលដំបូងមានបុគ្គលិក អង្គការសហប្រជាជាតិ ២២នាក់ត្រូវបានចាប់ខ្លួន តែក្រោយមកក៏បានដោះលែង៦នាក់ក្នុងចំណោមនោះ ។ មកទល់ពេលនេះប្រទេស Ethiopia មិនទាន់មានប្រតិកម្មអ្វីជុំវិញការចាប់ខ្លួនខាងលើនៅឡើយទេ ៕ ដោយ៖ធីរីណា
រូបថត៖ IRNA/TTXVN