ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់​ នៅឃុំឃ្លាំងមាស ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបវេល ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្រុមការងារអនុសាខាកាកបាទក្រហម កម្ពុជាស្រុកបវេល នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ ដឹកនាំដោយលោក គឹម ចិន្តា អនុប្រធាន អចិន្រ្តៃយ៍ គណៈកម្មាធិការអនុសាខាស្រុក តំណាងលោក នូ ប៊ុនយ៉ាង ប្រធានគណៈកម្មាធិការអនុសាខាស្រុកនិងសហការី បាន អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់អនុសាខាផ្តល់ជូនគ្រួសារប្រជាពលរដ្ឋឈ្មោះ វុន ហ៊ាញ ភេទប្រុស អាយុ ៥២ឆ្នាំ មានសមាជិកក្នុងបន្ទុក ០៩នាក់ ស្រី ០៣នាក់ រស់នៅភូមិប្របហិប ឃុំឃ្លាំងមាស ស្រុកបវេល ដែលទទួល រងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ថ្លែងក្នុងឱកាសនោះ លោក គឹម ចិន្តា បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកទាំងទ្វេរ តែងតែគិតគូពីសុខទុក្ខរបស់ ប្រជាពលរដ្ឋ ងាយ រងគ្រោះ និង រងគ្រោះដោយគ្រោះ មហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេស គ្រប់ ពេលវេលាដោយមិនមានការរើសអើងវណ្ណៈជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយ អ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់បាយមិនបានដឹង និង មិនបានជួយដោះស្រាយនោះទេ។

នៅក្នុងឱកាសនោះផងដែរ ក្នុងនាមអនុសាខាស្រុក លោកអនុប្រធានគណៈកម្មាធិការអនុសាខា ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូន ប្រជាពល រដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវ រក្សាអនាម័យ ក្នុងការរស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេក ក្នុងមុងជានិច្ច ដើម្បី ជាស វាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលយើងត្រូវ រួមគ្នាប្រយុទ្ធ ប្រឆាំង បង្ការទប់ស្កាត់ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ហើយត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ការពាររបស់លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ ហើយបើបងប្អូនមានបញ្ហាសុខភាព ឬករណីសង្ស័យ សូមប្រញ៉ាប់ប្រញាល់ មកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីអោយក្រុមគ្រូពេទ្យជំនាញ ធ្វើការពិនិត្យសុខភាព ឬធ្វើសំណាក និងទទួលការព្យាបាលបានទាន់ពេលវេលា។

ជាការឆ្លើយតបលោក វុន ហ៊ាញ ប្រជាពលរដ្ឋរងគ្រោះ បានសម្តែងនូវទឹកចិត្តរំភើប និងសប្បាយរីករាយឥតឧបមា ចំពោះអនុសាខាស្រុក  និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រោមការដឹកនាំរបស់លោក​ សុខ លូ ជាប្រធានសាខា ដែលបានចុះជួយសម្រាលទុក្ខលំបាករបស់ពួកគាត់ ហើយ សូមគោរពជូនពរ និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយប្រោះព្រំថែរក្សាផ្ដល់សិរីសួស្ដីជ័យមង្គលវិបុលសុខ ដ៏ប្រសើរថ្លៃថ្លានិង ទទួលបាននូវជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបានសមប្រកបដោយពុទ្ធពរដ៏ ប្រសើរថ្លៃថ្លា ទាំងបួនប្រការ គឺ អាយុ វណ្ណៈសុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា៖ អំណោយដែលផ្ដល់ជូនគ្រួសាររងគ្រោះ រួមមាន អង្ករ ៥០គ.ក្រ ទឹកត្រី ទឹកស៊ីអ៊ី ០២យួរ ស័ង្កសី ១៥សន្លឹកនិងថវិកាមួយចំនួន ។ក្នុងនោះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឃ្លាំងមាស ដែលមានឯកឧត្តម ព្រួញ រិទ្ធថា ជាប្រធាន ឧបត្ថម្ភថវិកាចំនួន ២០០.០០០៛ និងស័ង្កសី ១៥សន្លឹក ផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖