ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបម៉ាកផច បុកជាមួយរថយន្ត ព្រូស ត្រង់ចំណុចស្តុបបំបែកជាបួនបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

     ភ្នំពេញ​ ៖​ បុរសជនជាតិខ្មែរម្នាក់រួមនឹងបុរសម្នាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកផចមួយគ្រឿងជ្រុលទៅបុកជាមួយនឹងរថយន្ត ព្រូសមួយគ្រឿង ត្រង់ចំណុចស្តុបបែកជាបួនបណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ខែ វិច្ឆិការឆ្នាំ ២០២១ នៅចំណុចស្តុបអគារកាណាឌីយ៉ា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងនិងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសជនជាតិខ្មែរម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកផច​ មួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AP-2992ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច លុះដល់ចំណុចស្តុបបំបែកជាបួនត្រង់កន្លែងកើតហេតុខាងលើ បានជ្រុលទៅបុកជាមួយរថយន្ត តូយ៉ូតា ព្រូសមួយគ្រឿង​ ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ2AX-8859បើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរនិងបុរសជនជាតិចិនពីរ នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើងចំពីចំហៀងខាងស្ដាំរថយន្តពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ​ តែមិនបង្កឲ្យមានអ្នករងរបួសនោះឡេីយ​ ។ ភ្លាមនោះដែរម្ចាស់រថយន្តម៉ាកផច បានដោះស្លាកលេខចេញពីរថយន្តបាត់។

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖