ភ្នំពេញ ៖ បុរសជនជាតិខ្មែរម្នាក់រួមនឹងបុរសម្នាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកផចមួយគ្រឿងជ្រុលទៅបុកជាមួយនឹងរថយន្ត ព្រូសមួយគ្រឿង ត្រង់ចំណុចស្តុបបែកជាបួនបណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ខែ វិច្ឆិការឆ្នាំ ២០២១ នៅចំណុចស្តុបអគារកាណាឌីយ៉ា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងនិងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិខ្មែរម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកផច មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AP-2992ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច លុះដល់ចំណុចស្តុបបំបែកជាបួនត្រង់កន្លែងកើតហេតុខាងលើ បានជ្រុលទៅបុកជាមួយរថយន្ត តូយ៉ូតា ព្រូសមួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AX-8859បើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរនិងបុរសជនជាតិចិនពីរ នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើងចំពីចំហៀងខាងស្ដាំរថយន្តពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួសនោះឡេីយ ។ ភ្លាមនោះដែរម្ចាស់រថយន្តម៉ាកផច បានដោះស្លាកលេខចេញពីរថយន្តបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ