ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តដឹកដីគេចពីម៉ូតូជ្រុលបុករថយន្ត ពីរគ្រឿងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តដឹកដីគេចពីម៉ូតូជ្រុលទៅបុករថយន្តពីរគ្រឿងដែលធ្វើដំណើរនៅខាងមុខបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តឡិចស៊ីស RX330ពណ៌សពាក់ស្លាកលេខភ្នំពេញ2BA-4347និងរថយន្តមួយគ្រឿងទៀតម៉ាកCAMER LE ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខត្បូងឃ្មុំ2B- 9288បើកបរក្នុងទិសដៅពីលិចទៅកើត។ លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A-7765 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របគ្នាមកពីក្រោយបានបើកគេចពីម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុកនឹងរថយន្តCAMER LEរួចរុញបន្តទៅបុកនឹងរថយន្ត lexus rx330បណ្ដាលឱ្យទៅបុករថយន្តពីរគ្រឿងខាងលើនេះរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តបង្កយល់ព្រមសងថ្លៃការខូចខាតទៅរថយន្តCAMER LEទាំងអស់ដើម្បីបញ្ចប់រឿង ចំណែកឯរថយន្ត Lexus RX330មិនបានទាមទារសំណងអ្វីនោះទេដោយសារតែរថយន្តរងការខូចខាតបន្តិចបន្តួច រួចក៏បន្តដំណើរទៅមុខទៀតទៅ៕

ដោយ៖ និន សុភ័ស្ត


ចែករំលែក៖