ភ្នំពេញ៖ ពិតជាធ្វើឲ្យអ្នកគាំទ្រវិស័យកញ្ញាឯកមិនសរសើរមិនបាននោះទេជុំវិញការបង្ហាញមុខជាថ្មីអមដោយឈុតប្រណីតបុរាណមួយដែលគេស្គាល់ថាជារចនាដោយអ្នកជំនាញផ្នែករចនាឈុតបុរាណ ។ ឈុតនេះត្រូវបានបញ្ចេញក្រោយពីកម្មវិធីប្រកួតតាមរយៈអនឡាញនៃកម្មវិធីMiss Erth 2021 បានឈានជើងចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ។
បេក្ខភាពពីកម្ពុជារូបនេះទើបនឹងបញ្ចេញវីដេអូថ្មីនៃការដើរបង្ហាញម៉ូត ណែនាំខ្លួន អមទៅដោយបទចម្រៀងហ៊ីបហបដ៏ល្បីរបស់តារាចម្រៀងលោក វណ្ណដា និងទិដ្ឋភាពនៅរាជធានីភ្នំពេញនាពេលរាត្រីដ៏មនោរម្យធ្វើឲ្យគេចាប់អារម្មណ៍មិនតិចទេ ហើយពេលនេះនាងស្រាប់តែបង្ហាញឈុតប្រណីតបុរាណថ្មីមួយដែលសម្រិតសម្រាំងដោយក្រុមអ្នកជំនាញ។
ទោះជាយ៉ាងណានាងបានលើកឡើងថា ឈុតតំណាងជាតិដែលនឹងយកទៅប្រកួតក្នុងកម្មវិធីអន្តរជាតិងខាងលើនៅមិនទាន់បង្ហាញជាផ្លូវការនៅឡើយទេ ប៉ុន្តែឈុតដែលរចនា ដោយអ្នកជំនាញ គឺនាងពិតជាពេញចិត្តខ្លាំង និងទឹកដៃនៃការបង្កើតឡើងដែលចេញពីបេះដូង ដោយក្តីស្រលាញ់វិស័យកញ្ញាឯក និងចង់ឃើញរូបភាបស្អាតៗប្លែកបន្ថែមទៀត និងជាការលើកកម្ពស់វិស័យម៉ូតសម្លៀកបំពាក់ និងបង្កប់ដោយអត្តសញ្ញាណជាតិ និងការច្នៃប្រឌិតរបស់យុវជនជំនាន់ក្រោយ ស្របតាមការស្រមើលស្រមៃ ឲ្យចេញជាឈុតថ្មីបែបស្រីសួគ៌នោះ។ នាងថានៅមានការងារជាច្រើនទៀតដែលនាងនឹងបញ្ចេញក្នុងអំឡុងពេលប្រកួតនេះ ខណៈដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងចូលមកដល់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ហើយបើទោះបីជាមានពេលវេលាមិនច្រើនសម្រាប់នាងសម្រាប់ការត្រៀមខ្លួន ប៉ុន្តែនាងនឹងបញ្ចេញឲ្យអស់ពីសមត្ថភាពលើការប្រកួតនេះផងដែរ។
គួរបញ្ជាក់ដែរថា ដាំ សុភ័ក្រ្តស៊ីនឌី ហៅ មុន្នី មានវ័យ ២៦ឆ្នាំ ។ នាងមានទឹកកំណើតនៅខេត្តពោធិសាត់ នាងមានកម្ពស់១.៦៧ម៉ែត្រទម្ងន់៥៣គីឡូក្រាម ហើយនាងអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អ។ នាងបានបញ្ចប់ការសិក្សាលើថ្នាក់បរិញ្ញាបត្រលើជំនាញសេដ្ឋកិច្ច នៅសាកលវិទ្យាលភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ មុននេះអ្វីដែលធ្វើឲ្យគេមានការចាប់អារម្មណ៍នោះគឺក្រោយពីកម្មវិធីចប់ភ្លាមMiss Earth Cambodia 2021-22កញ្ញាដាំ សុភ័ក្រ្ដ ស៊ីនឌី ចាប់ផ្តើមបង្ហាញវត្តមានក្នុងកម្មវីធីប្រកួតជាលក្ខណៈអន្តរជាតិចាប់តាំងពីថ្ងៃទី១៣ ខែតុលាឆ្នាំ ២០២១នេះតែម្តងដែលវាគឺជា ជំនួបតាមបណ្តាញសង្គមហ្វេសប៊ុក និងYoutube របស់កម្មវិធីអន្តរជាMiss Earth ២០២១។ មិនមានបញ្ហាប្រឈមច្រើនឡើយលើការបង្ហាញសមត្ថភាពព្រោះតែនាងគឺជាអតីតម្ចាស់ជ័យលាភីលេខចំណាត់ថ្នាក់លេខ២ផ្នែកបង្ហាញម៉ូតក្នុងកម្មវិធីប្រកួតសមត្ថភាពសិល្បៈធំមួយកន្លងទៅហើយនាងក៏ជាពិធីការិនី តារាសម្តែង ផងដែរ៕
ដោយ ៖ វឌ្ឍនា