ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថា ក្រុមហ៊ុនលោកត្រាំ បានចុះហត្ថលេខាលក់សណ្ឋាគារនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ីក្នុងតម្លៃ៣៧៥លានដុល្លារឱ្យទៅក្រុមហ៊ុន CGI Merchant Group។
សារព័ត៌មាន Wall Street Journal បានផ្សាយថា ក្រុមហ៊ុន CGI merchant Group មូលនិធិវិនិយោគមានទីតាំងនៅ Miami រដ្ឋផ្លរីដា អាមេរិក បានព្រមព្រៀងជាមួយក្រុមហ៊ុន Hilton Worldwide Holdings ដើម្បីប្តូរឈ្មោះសណ្ឋាគារត្រាំ ទៅជា Waldorf Astoria ។ ប៉ុន្តែក្រុមហ៊ុន CGI បានបដិសេធលើកឡើងពីបញ្ហាខាងលើ ។
សណ្ឋាគារអន្តរជាតិត្រាំ ស្ថិតនៅក្នុងអគារធ្លាប់ជាទីតាំងប្រៃសណីយ៍ទីក្រុងវ៉ាស៊ីនតោន ក្នុងសតវត្សរ៍ទី១៩ ជាទីតាំងប្រវត្តិសាស្ត្រជាតិ។ សណ្ឋាគារនៅជិតសេតវិមាន ហើយកាលពីឆ្នាំ២០១៣ ក្រុមហ៊ុនត្រាំ បានចុះហត្ថលេខាជាមួយរដ្ឋាភិបាលអាមេរិកជួលទីតាំងខាងលើក្នុងរយៈពេល៦០ឆ្នាំ ហើយចំណាយប្រាក់បន្ថែម២០០លានដុល្លារសម្រាប់កែលម្អជួសជុលអគារ។
តាមរបាយការណ៍របស់គណៈកម្មការត្រួតពិនិត្យនិងកែទម្រង់ របស់រដ្ឋាភិបាលអាមេរិកក្នុងសភា បានបញ្ជាក់ថា ក្រុមហ៊ុន Trump Old Post office LLC បានបង្កើតឡើងដើម្បីគ្រប់គ្រងសណ្ឋាគារ ប្រកាសថា ចាប់តាំងពីបើកដំណើរការនៅឆ្នាំ២០១៦ដល់ឆ្នាំ២០២០ បានខាតបង់ប្រាក់ដល់ទៅ ៧១លានដុល្លារ ។
នៅក្នុងអាណត្តិរបស់លោកត្រាំ សណ្ឋាគារនោះធ្លាប់ជាទីតាំង សម្រាប់ជំនួបរបស់មន្ត្រីគណបក្សសាធារណរដ្ឋ និងអ្នកនយោបាយមកពីក្រៅប្រទេសទៅកាន់ទីក្រុងវ៉ាស៊ីនតោន ៕
ដោយ៖ធីរីណា(រូបថត៖AFP/TTXVN)