ព័ត៌មានទាន់ហេតុការណ៍៖

លោក ដួង តារា ៖ គ្មានមេត្តាធម៌សោះ សូម្បីតែក្មេងស្រីពិការគថ្លង់ក៏បោកធ្វើបាបគ្នាដែរ

ចែករំលែក៖

ភ្នំពេញ ៖ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ បានមានប្រសាសន៍យ៉ាងដូច្នេះថា, ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ ឪពុកឈ្មោះ កង សារ៉ន (គក់) អាយុ៥៣ឆ្នាំ និងម្តាយឈ្មោះ ហង់ ត្រប់ អាយុ៥២ឆ្នាំ បាននាំកូនស្រីពិការគថ្លង់ឈ្មោះ សេង ចន្ថា អាយុ១៨ឆ្នាំ រស់នៅ ភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មកជួបខ្ញុំដើម្បីគោរពសុំជំនួយអន្តរាគមន៍ពី សម្តេចតេជោនាយករដ្ឋមន្រ្តី លើករណីវិវាទដីធ្លីដោយពួកគាត់បានប្រាប់ខ្ញុំថា មានមន្រ្តីយោធានៅកងពលតូចលេខ៥១ បានទិញដីកូនស្រីគាត់ ហើយមិនបានឲ្យលុយគ្រប់ចំនួន ដោយបង្ខំអោយកូនពិការគថ្លង់គាត់ផ្តិតមេដៃប្រគល់លិខិតស្នាមអោយទាហានរូបនោះទាំងអស់ ហើយថែមទាំងនិយាយថា ទៅប្តឹងអ្នកណាទៅប្តឹងទៅ!

លោក ដួង តារា បន្តថា, ឪពុកម្តាយសង្ឃឹមថា ក្រោយពីលក់ដីបានអាចមានប្រាក់ព្យាបាលជំងឺកូន ប៉ុន្តែបែរជាត្រូវមន្រ្តីយោធាចិត្តអាក្រក់នោះបោកទៅវិញ។ តម្លៃដីសរុបដែលបានព្រមព្រៀងលក់អោយមន្រ្តីយោធាគឺ ៤៩,៥០០ដុល្លារ ប៉ុន្តែបានទទួលតែ ២០,០០០ដុល្លារប៉ុណ្ណោះ។ ខ្ញុំកំពុងពិនិត្យសំណុំរឿងនេះ។

លោកបញ្ជាក់ថា, ដោយទ្រាំនឹងភាពឈឺចាប់នេះតទៅទៀតមិនបាននៅចំពោះមុខកូនពិការ ឪពុកម្តាយបានសម្រេចចិត្តលក់មាន់ទាបានសោហ៊ុយមួយចំនួននាំកូនឡើងមកជួបខ្ញុំនៅភ្នំពេញដើម្បីគោរពសុំ សម្តេចតេជោ ជួយផ្តល់យុត្តិធម៌។ ដោយបានឃើញពីស្ថានភាពក្មេងស្រីពិការគថ្លង់កំពុងមានជំងឺក្អកធ្លាក់ឈាមក្នុងស្ថានភាពទម្ងន់ ខ្ញុំបានស្នើសុំមន្ទីពេទ្យប៊ីធនកម្ពុជាចិនជួយពិនិត្យព្យាបាលជាបន្ទាន់។ ពេលនេះក្មេងស្រីពិការគថ្លង់កំពុងសម្រាកព្យាបាលនៅទីនោះ ហើយខ្ញុំក៏បានឧបត្ថម្ភថវិកា៤០ម៉ឺនរៀលបន្ថែម។

ក្រុមគ្រួសារក្មេងស្រីពិការបានគោរពអរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងផ្តល់ក្តីស្រឡាញ់និងភាពកក់ក្តៅដល់ពលរដ្ឋនៅទូទាំងប្រទេស។. ខ្ញុំសូមអរគុណមន្ទីរពេទ្យប៊ីធនកម្ពុជាចិនដែលបានទទួលជួយព្យាបាលសង្រ្គោះជីវិតក្មេងស្រីពិការគថ្លង់រូបនេះ។ 

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕

ដោយ ៖ សិលា


ចែករំលែក៖