ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា បន្ទាប់ពី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរលើសុំណុំរឿងរបស់ជនត្រូវចោទម្នាក់ បន្ទាប់ពីសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន និង ឃាត់ខ្លួនបុរសសញ្ជាតិកាណាដាម្នាក់ និងរឹបអូសគ្រឿងញៀនជាង ១៦៧ គីឡូក្រាម នៅរាជធានីភ្នំពេញ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពេលនេះអយ្យការបាន ចោទប្រកាន់ពីបទ «រក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងបទ កាន់កាប់ប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ»។
គួររំលឹកថា ដោយអនុវត្តតាមបញ្ជា លោក នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
ប្រតិបត្តិការណ៍ចុះបង្រ្កាប់នេះធ្វើឡើង ចាប់ពីថ្ងៃទី ២៧ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចនៃមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន(ក១)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ លោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១) ចូលរួមសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបឧក្រិដ្ឋជនរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន នៅ ៣គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១-នៅចំណុចក្រុមហ៊ុនដឹកជញ្ជូន ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គោលដៅទី ២-ចំណុចបន្ទប់លេខ ៤១២១ ខុនដូជិតកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និង គោលដៅទី៣-នៅបន្ទប់ 13AD និង 13AE ខុនដូរ PROVENCE ផ្លូវលេខ៣០២ សង្កាត់បឹងកេងកង រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការណ៍នេះជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ FU YONG QING ភេទប្រុស សញ្ជាតិកាណាដា កើតថ្ងៃទី 11/11/1969 កាន់លិខិតឆ្លងដែនការណាដា លេខ: AC790143
រួមទាំងដកហូតវត្ថុតាងរួមមាន
1/អ៊ិចស្តាស៊ីគ្រាប់(MDMA) ពណ៍ផ្កាឈូក ៨៥,៩២២គ្រាប់ ស្មើទម្ងន់ 28,354.54g
2/អ៊ិចស្តាស៊ីគ្រាប់(MDMA) ពណ៍ប្រផេះ ១៥៤,៤៧៤គ្រាប់ ស្មើទម្ងន់ 60,244.99g
3/អ៊ិចស្តាស៊ីម្សៅ(MDMA) កញ្ចប់រូបសេះ F3 ទម្ងន់ 50,022.72g
4/អ៊ិចស្តាស៊ីក្រាម(MDMA) ទម្ងន់ 24,700.81g
5/នីមេតាហ្សេប៉ាម(Nimetazepam) ៩,៧៥០គ្រាប់ ស្មើទម្ងន់ 1,733.40g
6/មេតំហ្វេតាមីន(ICE) ទម្ងន់ 98.97g
7/កេតាមីន (Ketamine) 2,320g
សរុបរួម ១៦៧ គីឡូក្រាម ៤៧៥.៤៣ក្រាម និង
ចាប់យកសម្ភារៈ អាវុធខ្លី ១ដើម (គ្រាប់ ៦) ជញ្ជីង ១គ្រឿង រថយន្ត ១គ្រឿង និងមានសម្ភារ:មួយចំនួនទៀត ។
បច្ចុប្បន្ន ជនត្រូវចោទ កំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរបន្តទៀត៕
ដោយ ៖ រ៉ារ៉ា