ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឥដ្ឋបែកកង់រេចង្កូតបុកសួនច្បារពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តដឹកឥដ្ឋក្នុងល្បឿនលឿនស្រាប់តែបែកកង់ខាងមុខរេចង្កូតបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តកល់ទ្រូងជាប់ទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៥០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តដឹកឥដ្ឋមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ3A5490បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែបែកកង់ខាងមុខចំហៀងខាងឆ្វេងបណ្ដាលឲ្យរេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យសួនច្បារពុះចែកទ្រូងផ្លូវរងការខូចខាតប្រហែល ៥ ម៉ែត្រ ចំណែករថយន្តកល់ទ្រូងជាប់ទៅមុខលែងរួច តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើការស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖